FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក យឹម លាង រៀបចំអាហារសាមគ្គីជូនកងកម្លាំងដែលចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយជោគជ័យ

24-11-2026 10:37

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីពិធីជួបជុំពិសាអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ដិភាព កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យត្រចះត្រចង់ជូនជាតិ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បាននូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណជូនកងកម្លាំងទាំងអស់ពីសំណាក់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤។

លោកឧត្តមសេនីយ៍ឯក យឹម លាង ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់កងកម្លាំងនគរបាល និងកងកម្លាំងពាក់ព័ន្ធ ក្នុងបេសកកម្មដ៏សំខាន់ និងជាប្រវត្តិសាស្រ្តមួយនេះ ដែលធ្វើឲ្យទទួលបានជោគជ័យទាំងស្រុងគួរជាទីមោទន ជាពិសេសទទួលបានការកោតសរសើរពីសំណាក់ប្រធានាធិបតីបារាំង និងប្រមុខរដ្ឋាភិបាលដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ៕