ឱកាសបុណ្យអុំទូក ឆ្នាំ២០២៦នេះ ទណ្ឌិតសរុប ៧០នាក់ នៅពន្ធនាគារខេត្តពោធិ៍សាត់ និងមណ្ឌលអប់រំកែប្រែទី៤ ទទួលបានការបន្ធូរបន្ថយទោសតាមព្រះរាជក្រឹត្យ
23-11-2026 21:45
(ពោធិ៍សាត់)៖ នាថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៨៤ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដល់ទណ្ឌិតសរុបចំនួន ៧០នាក់ (ស្រី ០១នាក់) នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ និងមណ្ឌលអប់រំកែប្រែទី៤។
ពិធីប្រកាសព្រះរាជក្រឹត្យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សេង រតនៈ ព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍ផ្លូវការ ទណ្ឌិតទាំង ៧០រូប ដែលទទួលបានការបន្ធូរបន្ថយទោសនៅទីតាំងទាំងពីរ រួមមាន៖
ទី១-ពន្ធនាគារខេត្តពោធិ៍សាត់ ពិធីនេះធ្វើឡើងនៅសាលប្រជុំពន្ធនាគារខេត្ត ដោយមានការទទួលស្វាគមន៍ពី លោក វរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់។ ទណ្ឌិតទទួលបានការបន្ធូរបន្ថយទោសសរុបចំនួន ២៥នាក់ (ស្រី ០១នាក់) ក្នុងនោះរួមមាន៖
*បន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន ២២នាក់ (ស្រី ០១នាក់)
*បន្ធូរបន្ថយទោសរយៈពេល ០៦ខែ ចំនួន ០៣នាក់
ទី២-មណ្ឌលអប់រំកែប្រែទី៤ ពិធីប្រកាសត្រូវបានរៀបចំឡើងនារសៀលថ្ងៃដដែល ដោយមានការទទួលស្វាគមន៍ពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី អត្តលេខ០៣៨៥ ពីប្រធានពន្ធនាគារ ម៤។ ក្នុងនោះមានទណ្ឌិតទទួលបានការបន្ធូរបន្ថយទោសសរុបចំនួន ៤៥នាក់ (ស្រី ០នាក់) ក្នុងនោះរួមមាន៖
*បន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន ២៩នាក់
*បន្ធូរបន្ថយទោសរយៈពេល ០៦ខែ ចំនួន ១៥នាក់
*បន្ធូរបន្ថយទោសរយៈពេល ០៩ខែ ចំនួន ០១នាក់
ការផ្តល់ការបន្ធូរបន្ថយទោសតាមព្រះរាជក្រឹត្យនាឱកាសបុណ្យជាតិធំៗនេះ គឺជាការលើកទឹកចិត្តដល់ទណ្ឌិតទាំងអស់ដែលបានខិតខំកែប្រែខ្លួន ប្រព្រឹត្តអំពើល្អ និងគោរពវិន័យបានត្រឹមត្រូវក្នុងអំឡុងពេលអនុវត្តទោស ដើម្បីឆាប់បានវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារ និងធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ៕






















