FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ទីតាំងដែលជួលឲ្យជនបរទេស ហើយរងការបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ចង់ស្នើសុំពន្យល់ពីស្ថាប័នច្បាប់ និងសមត្ថកិច្ច ដើម្បីអាចសុំបើកទីតាំងឡើងវិញ, ខ្លះត្រូវបង់បំណុលជាមួយធនាគាររាល់ខែ

23-11-2026 21:35

(ភ្នំពេញ)៖ ម្ចាស់ទីតាំងមានផ្ទះ ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូរជាដើម បានស្នើសុំឲ្យស្ថាប័នច្បាប់ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយពន្យល់ពីនីតិវិធីមួយចំនួន ដែលអាចបើកផ្លូវដល់ពួកគាត់សុំបើកទីតាំងទំាំងនោះវិញបាន ពីព្រោះម្ចាស់ខ្លះ ត្រូវបង់បំណុលជាមួយធនាគាររាល់ខែ និងខ្លះទៀតបានខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្រោយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើស Online Scams ដែលក្រុមឧក្រិដ្ឋជនបានជួលកន្លែងពួកគេធ្វើអំពើល្មើសច្បាប់ទាំងនេះ។

យោងតាមសេចក្តីរាយការណ៍មួយពីម្ចាស់ទីតាំង ពួកគេបានសំណូមពរជូនចំពោះអាជ្ញាធរពាក់ព័ន្ធស្តីពីបញ្ហាខុនដូ ផ្ទះក្នុងបុរី ដែលត្រូវបានបិទឃ្លុំ ដោយសារអ្នកជួលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)ចង់លើកឡើងពីបញ្ហាមួយដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយអាជ្ញាធរបិទឃ្លុំ ពេលរកឃើញថា អ្នកជួលបានប្រើប្រាស់ទីតាំងទាំងនោះសម្រាប់សកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។

ម្ចាស់អចលនទ្រព្យជាច្រើន គ្រាន់តែជាប្រជាពលរដ្ឋធម្មតា ឬអ្នកវិនិយោគដែលបានទិញអចលនទ្រព្យទុកសម្រាប់ជួល ដើម្បីទទួលបានប្រាក់ចំណូល។ ពួកគាត់មិនបានដឹងថា អ្នកជួលយកទីតាំងទៅប្រព្រឹត្តសកម្មភាពអ្វីឡើយ ហើយក៏មិនបានចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ទាំងនោះដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ អចលនទ្រព្យមួយចំនួន ត្រូវបានបិទឃ្លុំអស់រយៈពេលជិត៦ខែហើយ ដោយមិនទាន់មានព័ត៌មានច្បាស់លាស់ថា តើការស៊ើបអង្កេតនឹងបញ្ចប់នៅពេលណា ហើយម្ចាស់អាចទទួលបានអចលនទ្រព្យរបស់ខ្លួនមកវិញនៅពេលណា។

ម្ចាស់អចលនទ្រព្យខ្លះ បានប្រើប្រាស់ប្រាក់សន្សំស្ទើរតែពេញមួយជីវិត ដើម្បីទិញទុកជួល។ ខ្លះទៀតបានខ្ចីប្រាក់ពីធនាគារ ហើយនៅតែមានកាតព្វកិច្ចបង់ការប្រាក់ និងប្រាក់ដើមជារៀងរាល់ខែ ទោះបីជាប្រាក់ចំណូលពីការជួល ត្រូវបានបាត់បង់ទាំងស្រុងក៏ដោយ។

ជាមួយនឹងសំណូមពរខាងលើនេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា បើសិនម្ចាស់ទីតាំងមិនមានការជាប់ពាក់ព័ន្ធនឹងល្មើស និងមានកិច្ចសន្យាជួលត្រឹមត្រូវ ពួកគាត់អាចស្នើសុំបើកបានតាមផ្លូវច្បាប់ តែលើកលែងករណីបទល្មើស Scams ទ្រង់ទ្រាយធំ។

ជាមួយគ្នានេះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក៏បានលើកឡើងស្រដៀងនឹងលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដែរដោយលោកបានសង្កត់ធ្ងន់ថា បើសិនមានភាពសុចរិតត្រឹមត្រូវ និងមានហេតុផលច្បាស់លាស់ ហើយមិនជាប់ពាក់ព័ន្ធនឹងម្ចាស់ទេ, ម្ចាស់ទីតាំងអាចស្នើសុំពិនិត្យមើល និងថែទាំ ដោយសហការមួយអាជ្ញាធរ សមត្ថកិច្ច និងតុលាការ។

តែយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ បានព្រមានថា បើសិនជាម្ចាស់ទីតាំងមានការពាក់ព័ន្ធជាមួយបទល្មើស Scams គឺមិនអាចលើកលែងទេ។

លោកថា «កន្លងទៅមានការគប់គិតក្លែងធ្វើជួលពីមួយទៅមួយ រវាងខ្មែរគ្នាឯង តែធាតុពិតគឺជួលឲ្យជនបរទេស យកទៅប្រព្រឹត្តបទល្មើសស្គេម ដែលយើងត្រូវតែអនុវត្តម៉ឺងម៉ាត់ក្រោយច្បាប់ស្តីពីការប្រឆាំងបទល្មើសស្គេមដាក់ឲ្យប្រើប្រាស់ ហើយត្រូវតែចាត់វិធានការតាមច្បាប់។ បើមិនដូច្នេះទេ ក្រុមឧក្រិដ្ឋជនទាំងនេះ នឹងប្រើប្រទេសកម្ពុជាយើងជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។ ទាំងម្ចាស់ផ្ទះ ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់...យើងត្រូវរួមគ្នាលើកមុខមាត់ប្រទេសយើងឡើងវិញ កុំឲ្យមានការលើកឡើងថា យើងមានចេតនានាំពួកស្គេមមកធ្វើសកម្មភាព»។

លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ សូមអំពាវនាវឲ្យម្ចាស់ទីតាំងដែលជួល រួមជាមួយក្រុមរកស៊ីជួលផ្ទះ លក់ផ្ទះ (Real Esate) ដែលដឹងរឿងច្រើន ត្រូវសហការជាមួយក្រុមសមត្ថកិច្ច ចៀសវាងដើរតួធ្វើជាអ្នកជួលឲ្យក្រុមជនបរទេស យកទៅធ្វើជាកន្លែងប្រព្រឹត្តបទល្មើសតទៅទៀត។

នៅក្នុងសំណូពររបស់ម្ចាស់ទីតាំងជួល បានបញ្ជាក់ពីការគោរព និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរបស់អាជ្ញាធរសមត្ថកិច្ច ដែលការស៊ើបអង្កេត និងការចាត់វិធានការចំពោះអ្នកប្រព្រឹត្តបទល្មើស គឺជាការងារដ៏សំខាន់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទន្ទឹមនឹងនេះ ម្ចាស់ទីតាំងដែលអះអាងថាមិនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន សូមគោរពស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាពិចារណាបែងចែកឱ្យបានច្បាស់រវាងអ្នកដែលពាក់ព័ន្ធនឹងបទល្មើស និងម្ចាស់អចលនទ្រព្យស្លូតត្រង់ ដែលគ្រាន់តែជួលអចលនទ្រព្យរបស់ខ្លួនដោយសុចរិតភាព។

សំណូមពររបស់ពួកគេចំពោះអាជ្ញាធរពាក់ព័ន្ធមានដូចខាងក្រោម៖

ទី១៖ សូមមេត្តាផ្តល់ព័ត៌មានអំពីដំណើរការស៊ើបអង្កេត និងពេលវេលាប៉ាន់ស្មានដែលអចលនទ្រព្យអាចត្រូវបានបើកឱ្យប្រើប្រាស់វិញ។
ទី២៖ សូមពិចារណាអនុញ្ញាតឱ្យម្ចាស់អចលនទ្រព្យដែលបានបញ្ជាក់ថា មិនមានការពាក់ព័ន្ធនឹងបទល្មើស អាចដាក់ពាក្យស្នើសុំប្រគល់អចលនទ្រព្យមកវិញ បន្ទាប់ពីការប្រមូលភស្តុតាងចាំបាច់ត្រូវបានបញ្ចប់ និងស្របតាមនីតិវិធីច្បាប់។
ទី៣៖ ក្នុងករណីដែលការស៊ើបអង្កេតមិនទាន់បញ្ចប់ សូមពិចារណាអនុញ្ញាតឱ្យម្ចាស់ចូលពិនិត្យ សម្អាត និងថែទាំអចលនទ្រព្យ ក្រោមការត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ច ប្រសិនបើច្បាប់អនុញ្ញាត។
ទី៤៖ សូមមាននីតិវិធីច្បាស់លាស់សម្រាប់ម្ចាស់អចលនទ្រព្យ ក្នុងការដាក់ឯកសារបញ្ជាក់កម្មសិទ្ធិ និងបញ្ជាក់ពីការមិនពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់របស់អ្នកជួល។
ទី៥៖ សូមមេត្តាពិចារណាពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់ម្ចាស់អចលនទ្រព្យ ជាពិសេសអ្នកដែលកំពុងមានបំណុលធនាគារ និងពឹងផ្អែកលើប្រាក់ចំណូលពីការជួល។

ម្ចាស់ទីតាំង បានត្អូញត្អែរថា ក្នុងស្ថានភាពដែលសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យកម្ពុជាកំពុងជួបការលំបាកស្រាប់ ការបិទអចលនទ្រព្យរយៈពេលយូរ ដោយមិនមានព័ត៌មានច្បាស់លាស់ អាចធ្វើឱ្យម្ចាស់អចលនទ្រព្យស្លូតត្រង់ រងសម្ពាធហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ រយៈពេលជាង ៦ខែ គឺយូរណាស់សម្រាប់អចលនទ្រព្យមួយដែលត្រូវបិទទុក ដោយគ្មានការថែទាំ និងគ្មានចំណូល។

ជាចុងក្រោយ ពួកគេសូមគោរពអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងជួយរកដំណោះស្រាយសមស្រប ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់អចលនទ្រព្យស្លូតត្រង់៕