FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សទ្ធាជ្រះថ្លា! អង្គកឋិនទានសាមគ្គីវត្តហ្លួង ខេត្តពោធិ៍សាត់ ទទួលបានបច្ច័យ ១១៤លានរៀល និងស៊ីម៉ងត៍ ៥តោន

23-11-2026 20:30

(ពោធិ៍សាត់)៖ អាចារ្យ គណៈកម្មការ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងទីជិតឆ្ងាយ ជាពិសេសញាតិព្រះធម៌ មកពីខេត្តព្រះសីហនុ បានមូលមតិគ្នាផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តហ្លួង ស្ថិតក្នុងភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីបុណ្យដ៏មហាឧឡារិកនេះ បានប្រារព្ធឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃអាទិត្យ-ចន្ទ ១៣-១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានបច្ច័យសរុបចំនួន ១១៤លានរៀល និងស៊ីម៉ងត៍ ៥តោន សម្រាប់រួមចំណែកកសាងសមិទ្ធផលនានាក្នុងទីវត្តអារាម។

ព្រះគ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះចៅអធិការវត្តហ្លួង បានមានថេរដីកាឱ្យដឹងថា អង្គកឋិនទាននាឆ្នាំនេះ ទទួលបានបច្ច័យសរុបចំនួន ១១៤លានរៀល ត្រៃធំចំនួន ៧០ និងត្រៃតូចចំនួន ៣៦ ក្នុងនោះក៏មានបច្ច័យចំនួន ១០លានរៀល របស់អង្គកឋិនទានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ផងដែរ។ បច្ច័យទាំងអស់ក្រៅពីការទូទាត់ចំណាយក្នុងពិធីរួច នឹងត្រូវតម្កល់ទុកសម្រាប់បន្តកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ។

ក្នុងឱកាសនោះ ព្រះគ្រូចៅអធិការបានសម្ដែងនូវព្រះទ័យអនុមោទនា និងសោមនស្សសាទរយ៉ាងក្រៃលែង ចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមរៀបចំពិធីបុណ្យនេះឡើង។ ព្រះអង្គបានបញ្ជាក់ថា ការរួបរួមគ្នានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងការរួមចំណែកថែរក្សាមរតកវប្បធម៌ ព្រមទាំងលើកតម្កើងតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមស្មារតី «ការរួមគ្នាធ្វើបុណ្យក្រោមម្លប់នៃសន្តិភាព»។

ព្រះគ្រូបានមានថេរដីកាបន្តថា ការធ្វើបុណ្យកឋិនទាន គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ និងជាការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរុងរឿង ស្ថិតស្ថេរយូរអង្វែង។ លើសពីនេះ ការប្រគេនត្រៃចីវរ និងគ្រឿងបរិក្ខារដល់ព្រះសង្ឃ គឺជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃក្នុងការសិក្សា ប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទ និងសង្គមជាតិទាំងមូល ក្រោយពីព្រះសង្ឃបានគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។

គួរកត់សម្គាល់ថា ក្នុងបរិយាកាសដ៏មហាឧឡារិក និងពោរពេញដោយសទ្ធាជ្រះថ្លា ពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទទីជិតឆ្ងាយ ព្រមទាំងក្រុមគ្រួសារសប្បុរសជនគ្រប់វ័យ ទាំងចាស់ ទាំងក្មេង បានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជាតិយ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខញញឹមញញែម អញ្ជើញដង្ហែប្រទក្សិណជុំវិញព្រះវិហារចំនួន ៣ជុំ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ពុទ្ធបរិស័ទម្នាក់ៗបានទូល និងកាន់នូវគ្រឿងបរិក្ខារកឋិនទាន មានដូចជា ត្រៃចីវរ ផ្កាប្រាក់ ទៀនធូប ផ្កាភ្ញី និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក្រោមម្លប់ក្លស់ពណ៌លឿង និងពណ៌ស អមដោយទង់ជាតិ និងទង់សាសនាបក់រវិចយ៉ាងរស់រវើក។ ជាមួយគ្នានេះ ក្បួនដង្ហែរឹតតែមានភាពអធិកអធម និងសប្បាយរីករាយថែមទៀត ដោយមានការរាំឆៃយ៉ាំ និងប្រគំភ្លេងប្រពៃណីយ៉ាងកងរំពង។

បុណ្យកឋិនទានសាមគ្គីនេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូលបច្ច័យ ដើម្បីកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តហ្លួង ឱ្យកាន់តែរីកចម្រើនជាលំដាប់៕