FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងអយ្យការខេត្តបាត់ដំបង សម្រេចចោទប្រកាន់ឧក្រិដ្ឋជនគ្រឿងញៀន និងបក្ខពួក ក្រោយបង្ក្រាបបានថ្នាំញៀនជាង​ ១៥គីឡូក្រាម

23-11-2026 16:39

(បាត់ដំបង)៖ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងបក្ខពួក ដែលកម្លាំងនគរបាលបង្ក្រាបបាន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីកម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាប និងដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ទម្ងន់រហូតដល់ជាង ១៥គីឡូក្រាម។

យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃទី២០​​ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់ និងបានដកហូតគ្រឿងញៀនចំនួន ១៥ដុំ មានទម្ងន់សរុប១៥,៦៣៨.៧៧ក្រាម ជាប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE)។

ក្រោយពីបានស្តាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យទៅលើភស្តុតាងមាននៅក្នុងសំណុំរឿងតំណាងអយ្យការ​បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ​​ ៣នាក់ និងបក្ខពួកដែលជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលពីអំឡុងឆ្នាំ២០២៥ ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០​​ កថាខណ្ឌទី៣ កថាខណ្ឌទី៧ ចំណុចទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ៩៩៥ អយគចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ចូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕