FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមថ្នាលយុវជនកម្ពុជានាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋខ្វះខាត ៤គ្រួសារ នៅស្រុករមាសហែក

23-11-2026 15:16

(ស្វាយរៀង)៖ ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុករមាសហែក សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ រស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះដឹកនាំដោយលោក ពុត ថាំង ប្រធានប្រតិបត្តិអនុសាខាស្រុករមាសហែក និងលោក សុះ រំលី អនុប្រធានស្ដីទីខេត្តស្វាយរៀង តំណាងថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល ព្រមទាំងមានការចូលរួមពីព្រះភិក្ខុ នាង ទូច អនុប្រធានកិត្តិយសស្រុក និងអាជ្ញាធរភូមិ-ឃុំ។

ក្នុងឱកាសនោះ គណៈប្រតិភូបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងការលំបាកដោយមិនបានដឹងឮនោះឡើយ។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ គ្រឿងឧបភោគបរិភោគចាំបាច់ សម្ភារប្រើប្រាស់ និងថវិកាចំនួន ៨ម៉ឺនរៀល។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋទាន់ពេលវេលា៕