Fresh News ឈ្វេងយល់ពីហាងនំបែបសម័យសូវៀតដ៏ល្បី Ponchiki ដែលបើកដំណើរ នៅឆ្នាំ១៩៥៣
23-11-2026 14:23
(មូស្គូ)៖ ហាងនំ «Пончики» (Ostankinskie Ponchiki) នៅតំបន់ Ostankino គឺជាហាងនំបែបប្រពៃណីដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅទីក្រុងម៉ូស្គូ ដែលបើកដំណើរការតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ។ លោក កែវ ពិសិដ្ឋ ភ្នាក់ងារ Fresh News ប្រចាំសហព័ន្ធរុស្ស៊ី បានចុះឈ្វេងយល់ពីហាងនំបែបសម័យសូវៀតដ៏ល្បី Ponchiki មួយនេះផងដែរ ក្នុងសប្តាហ៍នេះ។
នំ Ponchiki មានរាងមូល មានប្រហោងកណ្តាលស្រដៀងនឹងនំដូណាត់ (Donut) ដែរ ប៉ុន្តែវាត្រូវបានបំពងថ្មីៗក្តៅៗភ្លាមៗនៅនឹងកន្លែង។ សាច់នំខាងក្រៅស្រួយស្រាល រីឯខាងក្នុងទន់ឈ្ងុយ ហើយគេរោយស្ករសម៉ដ្ឋ (powdered sugar) យ៉ាងច្រើនពីលើ។
ហាងនេះរក្សារូបមន្ត និងបច្ចេកទេសធ្វើនំដូចដើមទាំងស្រុងអស់រយៈពេលជាង ៧០ឆ្នាំមកហើយ ដោយមិនមានការបន្ថែមស្នូល ឬតុបតែងពណ៌ឆើតឆាយដូចនំដូណាត់បែបអាមេរិកឡើយ។ នំនេះត្រូវបានលក់ថ្លឹងតាមទម្ងន់ ហើយដាក់ក្នុងថង់ក្រដាសពណ៌ត្នោតសម្រាប់ភ្ញៀវកាន់ញ៉ាំក្តៅៗ។
ហាងនេះមានទីតាំងនៅជិតបឹង Ostankino ក្បែរប៉ម Ostankino ដែលជាហេដ្ឋរចនាសម្ព័ន្ធខ្ពស់ជាងគេនៅអឺរ៉ុប និងក្បែរឧទ្យាន VDNKh ។ វាជាតូបតូចមួយបែបសម័យសូវៀត ដែលមានលក្ខណៈសាមញ្ញបំផុត មិនមានកន្លែងអង្គុយច្រើន ឬបន្ទប់ទឹកទេ ដោយភ្ញៀវភាគច្រើនទិញយកទៅញ៉ាំនៅខាងក្រៅ ឬដើរកម្សាន្តមាត់បឹង។
ដោយសាររសជាតិដើម ដែលធ្វើឱ្យអ្នកស្រុកម៉ូស្គូនឹកឃើញដល់អនុស្សាវរីយ៍កាលពីកុមារភាព ហាងនេះតែងតែមានមនុស្សតម្រង់ជួរចាំទិញយ៉ាងវែងស្ទើររាល់ថ្ងៃ។ ហាងនេះថែមទាំងត្រូវបានគេយកទៅសរសេររៀបរាប់នៅក្នុងប្រលោមលោកល្បីឈ្មោះសម័យសូវៀត (Altist Danilov) ទៀតផង។
ក្រៅពីនំ Ponchiki ហាងមានលក់តែ ឬកាហ្វេក្តៅៗ និងនំប៉័ងសាច់ក្រក (hot dogs) ក្នុងតម្លៃសមរម្យ (ជាមធ្យមប្រហែល ៣០០ រូប្លិ៍ ឬប្រមាណ ៨នំ)។ ភ្ញៀវត្រូវត្រៀមប្រាក់សុទ្ធតាមខ្លួន ព្រោះហាងទទួលតែការទូទាត់ជាសាច់ប្រាក់ប៉ុណ្ណោះ៕










