មិនគួរឱ្យជឿ! លោកយាយអាយុ ៨៦ឆ្នាំ លង់ចិត្តនឹង GTA 6 រហូតចង់បានជាកាដូបុណ្យណូអែល
23-11-2026 13:53
(បរទេស)៖ ហ្គេម GTA 6 កំពុងបង្ហាញពីភាពទាក់ទាញឆ្លងកាត់គម្លាតអាយុ ដោយមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីយុវវ័យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមនុស្សវ័យចំណាស់នៅប្រទេសបារាំង ដែលមានអាយុចន្លោះពី ៧៥ឆ្នាំ ដល់ ៨៦ឆ្នាំ បង្ហាញការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានសាកល្បងលេងជាលើកដំបូង ក្នុងកម្មវិធីលេងហ្គេមជាក្រុមមួយនៅទីក្រុង Serris ខេត្ត Seine-et-Marne។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tech4Gamers កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអ្នកចូលរួមទាំងបុរស និងស្ត្រីភាគច្រើនបានបង្ហាញការពេញចិត្តចំពោះបទពិសោធន៍លេងហ្គេមនេះ ជាពិសេសការបើកបររថយន្ត និងទូក។ អ្នកខ្លះមានការភ្ញាក់ផ្អើលចំពោះក្រាហ្វិកដែលមានភាពប្រាកដនិយម ខណៈអ្នកផ្សេងទៀតបានជ្រួតជ្រាបក្នុងតួអង្គ Jason និងសាច់រឿង រហូតមានអារម្មណ៍ដូចជាកំពុងរស់នៅក្នុងពិភពហ្គេមផ្ទាល់។
ចំណុចដែលទាក់ទាញចំណាប់អារម្មណ៍បំផុត គឺលោកស្រី Lucienne អាយុ ៨៦ឆ្នាំ បានបង្ហាញការពេញចិត្តចំពោះ GTA 6 យ៉ាងខ្លាំង រហូតមានបំណងស្នើសុំកូនៗឱ្យទិញហ្គេមនេះជាកាដូសម្រាប់បុណ្យណូអែលខាងមុខ។ សកម្មភាពនេះបានបង្ហាញពីបទពិសោធន៍ដ៏ប្លែក និងភាពរីករាយរបស់មនុស្សវ័យចំណាស់ នៅពេលបានសាកល្បងបច្ចេកវិទ្យាកម្សាន្តថ្មីៗ។
គួរបញ្ជាក់ថា ហ្គេម GTA តែងតែទទួលរងការរិះគន់ពីមនុស្សមួយចំនួន ដោយសារមានឈុតឆាកហិង្សា និងខ្លឹមសារមិនសមរម្យសម្រាប់កុមារ។ ទោះជាយ៉ាងណា ការឆ្លើយតបរបស់មនុស្សវ័យចំណាស់នៅបារាំងលើកនេះ បានបង្ហាញថា បច្ចេកវិទ្យាកម្សាន្តអាចទាក់ទាញមនុស្សបានគ្រប់វ័យ និងបង្កើតបទពិសោធន៍ថ្មីៗដែលមនុស្សមិនធ្លាប់រំពឹងទុក៕








