គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមកម្មវិធី «សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦» នៅទីក្រុងឆុងឈីង
23-11-2026 12:33
(ឆុងឈីង-ចិន)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជាអញ្ជើញចូលរួមកម្មវិធី «សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦» (2026 ASEAN-China Week - ACW) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងឆុងឈីង សាធារណរដ្ឋ ប្រជាមានិត ចិន។ ការចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC)។
សប្តាហ៍អាស៊ាន-ចិនលើកទី៤ ឆ្នាំ២០២៦នេះ ត្រូវបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ចិន និងរដ្ឋបាលប្រជាជនទីក្រុងឆុងឈីង ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈម និងការជំរុញការតភ្ជាប់ក្នុងតំបន់ដើម្បីវិបុលភាពរួម» (Strengthening Strategic Partnership to Address Challenges, Promoting Regional Connectivity for Shared Prosperity)។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងជាឆ្នាំដំបូងនៃការអនុវត្តផែនការសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (២០២៦–២០៣០)។
ចាប់តាំងពីត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២៣ មក កម្មវិធីសប្តាហ៍អាស៊ាន-ចិនបានក្លាយជាវេទិកាស្នូលតែមួយគត់ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយកាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជិត ៤០០ នាក់ និងទទួលបានការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយទូទាំងអាស៊ានដែលមានអ្នកទស្សនាជាង ១៣០ លានដង។
ការជ្រើសរើសទីក្រុងឆុងឈីងជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ មានអត្ថន័យយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ដោយសារទីក្រុងដែលលាតសន្ធឹងលើដងទន្លេយ៉ាងសេមួយនេះ ជាច្រកចេញចូលសំខាន់តភ្ជាប់ភាគខាងលិចប្រទេសចិនជាមួយតំបន់អាស៊ាន តាមរយៈច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី (New International Land-Sea Trade Corridor)។
ក្រោមសន្ទុះនៃកិច្ចព្រមព្រៀង RCEP និងពិធីសារដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) វេទិកាឆ្នាំ២០២៦ នេះផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការថ្មីៗលើវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងការតភ្ជាប់វប្បធម៌ និងទេសចរណ៍ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។
ក្នុងអំឡុងពេលបំពេញបេសកកម្មនៅទីក្រុងឆុងឈីង គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានឹងចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើន រួមមាន ជំនួបសម្តែងការគួរសមជាមួយអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន និងថ្នាក់ដឹកនាំទីក្រុងឆុងឈីង ពិធីបើកជាផ្លូវការនៃសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦ ដែលនឹងមានការប្រកាសដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសំខាន់ៗដូចជា បណ្តាញកុំព្យូទ័រអាស៊ាន-ចិនសម្រាប់បរិវត្តកម្មថាមពលបៃតងដោយបញ្ញាសិប្បនិម្មិត និងរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន (២០២១–២០២៦)។
វត្តមានរបស់គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីកសាងទំនុកចិត្ត សន្តិភាព និងវិបុលភាពរួមគ្នាប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន-ចិន៕











