សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនលោក សួស យ៉ារ៉ា ចំពោះមរណភាព ឧបាសក សួស តិចឆាយ ក្នុងជន្មាយុ ៨៦ឆ្នាំ
23-11-2026 12:23
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលនៃក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្រោយទទួលដំណឹងអំពីមរណភាពរបស់ ឧបាសក សួស តិចឆាយ។
ឧបាសក សួស តិចឆាយ ត្រូវជាឪពុកបង្កើត និងជាឪពុកក្មេករបស់លោក បានទទួលមរណភាពកាលពីវេលាម៉ោង ០២:១៥នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងសារលិខិតរំលែកទុក្ខចុះថ្ងៃទី២២ ខែវិច្ឆិកា សម្តេចមហាមន្ត្រីបានគូសបញ្ជាក់ថា មរណភាពរបស់ ឧបាសក សួស តិចឆាយ គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួនមួយរូប។
ឆ្លៀតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ធំធេងនេះ សម្តេចមហាមន្ត្រី គុយ សុផល ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធ និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ ឧបាសក សួស តិចឆាយ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

