FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស.ស.យ.ក. ខេត្តចំនួន៣ និងក្រុមការងារអាហារូបករណ៍ បង្ហាញលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៧

23-11-2026 10:12

(បាត់ដំបង)៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតអារិយ៉ា ក្រុងបាត់ដំបង ដោយមានសមាជិកចូលរួមចំនួន ៧៤៦នាក់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបើកដោយលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងពិធីបិទក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។

កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- យុវជនជាស្នូលនៃអភិបាលកិច្ចឌីជីថល​ និងការដឹកនាំតាមបែបវិទ្យាសាស្ត្រ នៅក្រុមប្រឹក្សាឃុំ-សង្កាត់ និងទី៣- ការត្រៀមយុទ្ធសាស្ត្រ និងបុគ្គលិកលក្ខណៈទាក់ទាញការគាំទ្រតាមរយៈមធ្យោបាយផ្ទាល់ និងឌីជីថលក្រោមទស្សនៈ «រដ្ឋធ្វើរាស្ត្រដឹងរដ្ឋផ្ដល់រាស្ត្រទទួល»។

អង្គប្រជុំក៏ទទួលបានការចែករំលែកបទពិសោធស្តីពីការសិក្សាអាហារូបករណ៍នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ។

លោក​ ស សុខា បានកោតសរសើរភ្ជាប់ដោយការរំលេចពីស្នាដៃសកម្មភាពលេចធ្លោដែលក្រុមការងារ ស.ស.យ.ក. ទាំង៣ខេត្ត និងក្រុមការងារអាហារូបករណ៍សម្រេចបាននារយៈពេលជិតមួយឆ្នាំមកនេះ ទាំងការងារយុវជនសង្គមមនុស្សធម៌អប់រំ និងអភិវឌ្ឍន៍។ លទ្ធផលការងារទាំងនោះមានជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង បានចូលរួមអនុវត្តកិច្ចការងារចំនួន៥៩៩លើក ក្នុងនោះការងារសង្គមមនុស្សធម៌បរិច្ចាគ និងបរិស្ថានចំនួន៣៨០លើក ការងារវប្បធម៌សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗចំនួន១៤៤លើក ការងារអប់រំ និងកីឡា បានចំនួន៧៥លើក។

ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង បានចូលរួមអនុវត្តការងារសង្គម និងសប្បុរសធម៌ចំនួន២៩៦លើក ការងារអប់រំបណ្ដុះបណ្តាល និងកីឡាចំនួន១៣៣លើក ការងារបរិស្ថាននិងអនាម័យសុខភាពចំនួន៦២លើក និងការងារវប្បធម៌ប្រវត្តិសាស្ត្រ និងសាសនាចំនួន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានចូលរួមអនុវត្តកិច្ចការងារសង្គមមនុស្សធម៌បរិច្ចាគ និងបរិស្ថានបានចំនួន៦៦៥លើក ការងារវប្បធម៌សាសនា និងទិវាព្រឹត្តិការណ៍ចំនួន១៧៧លើក ការងារអប់រំ និងកីឡា ចំនួន១៨៨លើក។

ដោយឡែកក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រុមការងារអាហារូបករណ៍បានផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្សនិស្សិតមកពីគ្រួសារជួបការលំបាកថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៨៧៥កន្លែង។

លោក ហ៊ុន ម៉ានី បានចាត់ទុកលទ្ធផលនេះថា ពិតជាបានរួមចំណែកឆ្លើយតបនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន​​​​​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​និងបានដើរស្របតាមគោលការណ៍​​ និងទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល ជាពិសេសផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨។

ក្នុងស្ថានភាពដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់,​លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការយុវជន ដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាពមានគុណធម៌ និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។

ក្នុងន័យនេះលោកប្រធានបានដាក់ចេញគោលការណ៍តម្រង់ទិសចំនួន៥​ រួមមានទី១.​ យុវជនត្រូវជាអ្នកការពារសន្តិភាព និងអត្តសញ្ញាណជាតិ, ទី២. យុវជនត្រូវជាកម្លាំងជំរុញការអភិវឌ្ឍមូលដ្ឋាន, ទី៣. យុវជនត្រូវជាតួអង្គ នៃបរិវត្តកម្មឌីជីថល, ទី៤. យុវជនត្រូវរៀនសូត្រជាប្រចាំ និងចេះស្វ័យអភិវឌ្ឍខ្លួន និងទី៥. យុវជនត្រូវមានគុណធម៌ស្ម័គ្រចិត្ត និងចេះបម្រើ។

ជារួមក្រោមមាគ៌ាដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់លោកប្រធាន ហ៊ុន ម៉ានី និងការទទួលដឹកនាំតម្រង់ទិសពីលោក ស សុខា ក្រុមការងារ ស.ស.យ.ក ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់បន្តប្រកាន់ខ្ជាប់ឧត្តមគតិរួម គឺធ្វើការដោយចិត្តបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងបម្រើយុវជន និងសង្គមជាតិដោយស្មារតីស្ម័គ្រចិត្ត
ដើម្បីបន្តនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ២០២៧ខាងមុខ។

ឈរលើការប្ដេជ្ញាចិត្តនេះក្រុមការងារបានកំណត់ទិសដៅពង្រឹងការងារសំខាន់ៗរួមមានទី១- ពង្រឹង​ និងពង្រីកសមាជិកភាពទាំងបរិមាណ និងគុណភាព, ទី២- លើកកម្ពស់ការយល់ដឹងនិងការអនុវត្តលក្ខន្តិកៈ ស.ស.យ.ក, ទី៣- ពង្រីកការចូលរួមរបស់យុវជនក្រៅប្រព័ន្ធ, ទី៤- ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ UYFC2.0 ឆ្ពោះទៅកាន់ឆ្នាំ២០២៨, ទី៥- សាងសង់ និងប្រែក្លាយទីស្នាក់ការ ស.ស.យ.ក. ទៅជាមជ្ឈមណ្ឌលយុវជន​ ទី៦- អភិវឌ្ឍជំនាញយុវជនឆ្លើយតបនឹងទីផ្សារការងារ,​ ទី៧- ចូលរួមអភិវឌ្ឍមូលដ្ឋានការងារសង្គម និងភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, ទី៨- ពង្រឹងយុទ្ធនាការពលរដ្ឋល្អ និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ, ទី៩- ពង្រឹងកិច្ចសហការនិងយន្តការតាមដានវាយតម្លៃ, ទី១០- ពង្រឹងកិច្ចសហការល្អរវាងខេត្តទាំងបី, ទី១១- បញ្ចូល AI ក្នុងប្រតិបត្តិការប្រចាំថ្ងៃ, ទី១២- ពង្រឹងការអប់រំ និងការងារអាហារូបករណ៍ និងទី១៣- រៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំដល់យុវជនបន្តវេនយ៉ាងហោចណាស់ចំនួន២វគ្គ ក្នុងមួយឆ្នាំ៕