ប្រធានមន្ទីររៀបចំដែនដីលោក សារិន វណ្ណា បញ្ជាក់ពីនីតិវិធីនៃការចុះបញ្ជីដីធ្លី និងការពង្រឹងការផ្ដល់សេវាគាប់ចិត្តជូនពលរដ្ឋ
23-11-2026 07:46
(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រទាំង៣ របស់ក្រសួងដែនដី រួមមាន «ការចុះបញ្ជីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត» ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា ចំពោះពលរដ្ឋដែលខកខានមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP) កន្លងមក គឺនៅតែអាចទទួលបានបណ្ណកម្មសិទ្ធិ ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ពោលគឺមិនមែនមានន័យថា ការចុះបញ្ជីបង្ហើយត្រូវបញ្ឈប់ការផ្ដល់កម្មសិទ្ធិនោះឡើយ។ ទន្ទឹមនឹងនេះ សម្រាប់ការផ្ទេរសិទ្ធិដោយពន្ធសូន្យក្នុងរង្វង់ញាតិ (អំណោយលើកទី១) មន្ទីរនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីយកបណ្ណកម្មសិទ្ធិទៅប្រគល់ជូនដល់ជណ្តើរផ្ទះតែម្តង។
បន្ថែមលើសពីនេះ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការកាត់បន្ថយពេលវេលា និងភាពស្មុគស្មាញនៃឯកសារ តាមរយៈប្រព័ន្ធ File Sharing Portal។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែទម្រង់ការងារ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីជំរុញឱ្យការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស តម្លាភាព និងប្រកបដោយការពេញចិត្តជាអតិបរមា៕




