លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
22-11-2026 22:24
(ពោធិ៍សាត់)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហម កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការបើកពិធីបោះជំរំនេះបានធ្វើឡើងនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនស្រឡាញ់សន្តិភាព និងកសាងសមត្ថភាពបំណិនសតវត្សទី២១» ដែលធ្វើឡើងមានរយៈពេល ៣យប់ ៤ថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការបោះជំរំនេះដើម្បីជាការប្រមូលផ្តុំយុវជនកាកបាទក្រហមកម្ពុជា ពីសាខាកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថាន ឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ មកស្នាក់នៅរួមគ្នាចែករំលែកចំណេះដឹង ដកស្រង់បទពិសោធន៍ រៀនសូត្រ ពីគ្នាទំនាក់ទំនងគ្នា បង្កើតគំនិតថ្មីប្រកបដោយនវានុវត្តន៍ក្នុងការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង និងរក្សាសន្តិភាព ភាពជាអ្នកដឹកនាំ ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រឈម សកលថ្មីៗ ដូចជា ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង-មិនឆ្លង និងភាពធន់របស់សហគមន៍។
កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែជំរុញ ពង្រឹងសមត្ថភាពយុវជន និងអ្នកស្ម័គ្រចិត្តជាប្រចាំតាមរយៈវគ្គបណ្តុះបណ្តាល វគ្គបំប៉នសមត្ថភាព សិក្ខាសាលា វគ្គផ្សព្វផ្សាយ វេទិកាសាធារណៈ និងកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាច្រើន ដើម្បីផ្តល់ឱកាសឱ្យយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុ ជាក្លាយជាអ្នកដឹកនាំវ័យក្មេងទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ យុវជន និងស្ម័គ្រចិត្តវ័យក្មេងរបស់កាកបាទក្រហមកម្ពុជា ភាគច្រើនមានអាយុចាប់ពី១៥ ដល់ ៣០ឆ្នាំ បានលះបង់កម្លាំងកាយ-ចិត្ត ស្មារតី ដើម្បីជម្នះរាល់ឧបសគ្គ និងការលំបាកនានាចូលរួមការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងការងារសង្គម។
បន្ថែមពីនេះទៀត យុវជនកាកបាទក្រហមកម្ពុជា ក៏ដូចយុវជនទាំងអស់ក្នុងប្រទេសកម្ពុជា គឺជាសសរទ្រូងនៃប្រទេសជាតិ នាពេលអនាគត។
ដើម្បីជំរុញការពង្រឹងសមត្ថភាព និងផ្តល់ឱកាសដល់យុវជនកាកបាទក្រហមកម្ពុជា បានរៀបចំការជំរំយុវជនថ្នាក់ជាតិជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ និងបានរៀបចំការបោះជំរំយុវជនថ្នាក់ជាតិ និងអន្តរជាតិ ១លើក ក្នុងឆ្នាំ២០២៤ ដែលមានយុវជនមកពីសមាគមជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមយុវជន ព្រមទាំងបានពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងយុវជនជាតិ និងអន្តរជាតិផងដែរ។
កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា គឺរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ចែករំលែកចំណេះដឹង ដកស្រង់បទពិសោធ ទំនាក់ទំនងគ្នា ការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង-រក្សាសន្តិភាព ភាពជាអ្នកដឹកនាំ បង្កើតគំនិតថ្មីប្រកបដោយនវានុវត្តន៍ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកលថ្មីៗ មានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង-មិនឆ្លង និងភាពធន់របស់សហគមន៍៕


















































