FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការ​ផ្សះ​ផ្សះ​ដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី

22-11-2026 21:10

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រីការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល អមដោយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាភ្នាក់ងាររង បានអញ្ជើញដឹកនាំ​គណៈ​ប្រតិ​ភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សះក្រោម​អនុ​សញ្ញា​អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររវាងកម្ពុជាកម្ពុជា និងថៃ។

កិច្ចប្រជុំលើកទី៣នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា ដំណើរការនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) លើបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ត្រូវបានផ្តួច​ផ្តើម​ឡើងដោយកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីភាគីថៃ បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ជាឯកតោភាគី។

គណៈកម្មការផ្សះផ្សានេះមានសមាជិក ៥រូប ដោយមានលោកស្រី Katrina Cooper ជាប្រធាន ហើយកិច្ចប្រជុំដំបូងត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី ក្នុងគោលបំណងកំណត់នីតិវិធី ស្តាប់ភាគីទាំង​ពីរ និងពិនិត្យលើភស្តុតាងផ្លូវច្បាប់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

យន្តការនេះមិនមែនជាតុលាការកាត់ក្តីរកអ្នកឈ្នះឬចាញ់នោះទេ ហើយរបាយការណ៍ដែលគណៈ​កម្មការ​ត្រូវរៀបចំក្នុងរយៈពេល ១២ខែ ដោយរំពឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៧។ យន្តការនេះ ក៏ពុំមាន​លក្ខណៈបង្ខំជាសាលក្រមឡើយ ប៉ុន្តែវាដើរតួជាមូលដ្ឋានឯករាជ្យដ៏សំខាន់សម្រាប់ឱ្យកម្ពុជា និងថៃ ប្រើប្រាស់ក្នុងការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងព្រំដែនសមុទ្ររួមគ្នា។

កិច្ចប្រជុំបានប្រព្រឹត្តចំនួនពីរលើកមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី, លើកទី២ ធ្វើឡើងនៅចន្លោះថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព នាទីទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំលើកទី២ ភាគីទាំងពីរបានឯកភាពគ្នាលើ វិធានការកសាង​ទំនុកចិត្ត ដើម្បីពង្រឹងជំនឿទុកចិត្ត និងបង្កបរិយាកាសអំណោយផលដល់ដំណើរការផ្សះផ្សា៕