អ្នកជំនាញអារ្យធម៌៖ សាទររបកគំហើញថ្មីរបស់លោកនាយករដ្ឋមន្ត្រីថៃ Anutin ដែលអះអាងថា ថៃ ៩០% មានដើមកំណើតពីចិន
22-11-2026 17:48
(ភ្នំពេញ)៖ ថ្មីៗនេះ មានការលើកឡើងពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល Anutin Charnvirakul ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន CGTV កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ ក្នុងបទសម្ភាសន៍នោះ លោកបានអះអាងថា ជាតិសាសន៍ថៃ ៩០% មានដើមកំណើតឫសគល់មកពីប្រទេសចិន ដែលត្រូវបានសារព័ត៌មានថៃ Khaosod English ចុះផ្សាយនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៦ និងតាមបណ្តាញសង្គមថៃយ៉ាងព្រោងព្រាត។
ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួលស្គាល់ និងការគោរពចំពោះប្រវត្តិសាស្ត្រ និងឫសគល់ដើមកំណើតអត្តសញ្ញាណរបស់ជាតិសាសន៍ដទៃ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរស់នៅដោយសុខដុមរមនា ការកសាងទំនាក់ទំនងអ្នកជិតខាងល្អ និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។
លោកបន្តថា ប្រវត្តិសាស្ត្រពុំមែនជារឿងអាថ៌កំបាំងដែលត្រូវបានបង្កកការពិតដោយគំនិតជាតិនិយមជ្រុលនោះទ្បើយ។ ហេតុនេះ នៅពេលមានរបកគំហើញថ្មីៗលេចឡើង ដែលពីមុនមិនធ្លាប់មាន ការយល់ដឹងអំពីអតីតកាលក៏ត្រូវធ្វើបច្ចុប្បន្នភាពឲ្យស្របតាមរបកគំឃើញការពិតជាក់ស្តែង ដើម្បីកែសម្រួលការយល់ខុសពីគំនិតជាតិនិយមជ្រុលចាស់ៗ។ ការដែលជាតិសាសន៍មួយហ៊ានទទួលស្គាល់ និងឲ្យតម្លៃលើប្រភពដើមពិតប្រាកដរបស់ខ្លួន ដោយមិនព្យាយាមកែប្រែ ឬបំភ្លៃប្រវត្តិសាស្ត្រ បង្ហាញពីភាពច្បាស់លាស់នៃឫសគល់ដើមកំណើតអត្តសញ្ញាណរបស់ខ្លួនឯង គឺជាជំហានគួរឲ្យគោរព។
លោក រ័ត្ន សណ្តាប់ កត់សម្គាល់ទៀតថា របកគំហើញថ្មីៗតែងតែបើកទ្វារទៅរកសំណួរថ្មីៗ ដើម្បីទទួលស្គាល់ការពិតថ្មី ដូចជាទំនាក់ទំនងប្រវត្តិសាស្ត្រ ទឹកដី និងវប្បធម៌។ ប្រសិនបើមិនមានការធ្វើបច្ចុប្បន្នភាពទេ ព័ត៌មានចាស់ៗដែលមិនគ្រប់ជ្រុងជ្រោយ ឬមិនត្រឹមត្រូវ អាចបន្តត្រូវបានយកទៅប្រើប្រាស់ក្នុងការឃោសនា បង្កើតមនោគមវិជ្ជាជ្រុលនិយម ឬបង្កការយល់ច្រឡំក្នុងសង្គមថៃបន្តទៀត។
ជាក់ស្តែង លោកលើកឡើងពីទ្រឹស្តីជាតិនិយមក្នុងសម័យកសាងរដ្ឋជាតិនិយម ឆ្នាំ១៩៣០–១៩៤០ របស់លោក វិចិត្រ វាទកាន Wichit Wathakan ដែលជាស្ថាបនិកមនោគមវិជ្ជាជាតិនិយមថៃទំនើប ក្រោមរបបលោកសេនាប្រមុខ ភិប៊ុន សុងក្រាម Plaek Phibunsongkhram ដែលយល់ថា ថៃមានដើមកំណើតយូរលង់ដាច់ដោយឡែកពីចិន មិនមែនជាសាខារបស់ចិនឡើយ។ បន្ទាប់មក គោលនយោបាយរបស់រដ្ឋាភិបាលថៃ ពិសេសក្នុងសម័យស្តេចរាមាទី៦ និងសម័យលោកសេនាប្រមុខ ប្លែក ពិប៊ុនសុងក្រាម បានជំរុញឲ្យជនជាតិចិនផ្លាស់ប្តូរនាមត្រកូលមកជាភាសាថៃ និយាយភាសាថៃ និងទទួលយកប្រពៃណីថៃយ៉ាងតឹងរ៉ឹង និងសាហាវព្រៃផ្សៃបំផុត។
លោក រ័ត្ន សណ្តាប់ បន្ថែមទៀតថា ចំណុចគួរឲ្យហួសចិត្តគឺ ទ្រឹស្តីរបស់ វិចិត្រ វាទកាន បានព្យាយាមបកស្រាយប្រវត្តិសាស្ត្រតាមទំនើចិត្ត ដោយទាញយកមរតកវប្បធម៌ ស្ថាបត្យកម្ម និងអក្សរសាស្ត្រពីចក្រភពខ្មែរបុរាណ មកដាក់បញ្ចូលជាផ្នែកមួយនៃអរិយធម៌ថៃ ប្រព័ន្ធអប់រំថៃនិងអះអាងថា ខ្មែរនិងថៃមានប្រភពដើមតែមួយ ដើម្បីបង្កើតភាពស្របច្បាប់នៃដែនដី និងអំណាច។
ដូច្នេះ ការលើកឡើងរបស់លោក អានុទីន ដែលថា ជនជាតិថៃ ៩០% មានឫសគល់ដើមកំណើតពីចិន ត្រូវបានលោក រ័ត្ន សណ្តាប់ ចាត់ទុកថាជាការទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រថៃ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ដែលផ្ទុយពីនិទានកថារបស់ វិចិត្រ វាទកាន និងអ្នកបន្តមរតកគំនិតជាតិនិយមជ្រុលនាពេលបច្ចុប្បន្ន។ លោកសង្កត់ធ្ងន់ថា ទោះបីលោកសាទរ និងគោរពចំពោះការអះអាងនេះក៏ដោយ ក៏នៅមានសំណួរសាមញ្ញមួយដែលត្រូវសួរថា បើថៃ ៩០% មានឫសគល់ដើមកំណើតពីចិន ហេតុអ្វីបានជាថៃតែងចោទខ្មែរថា ខ្មែរឈ្លានពានប្រាសាទបុរាណ និងលួចមរតកវប្បធម៌ពីថៃ?
