អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន (Video inside)
22-11-2026 16:52
(បន្ទាយមានជ័យ)៖ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប្រទេសបារាំង និងកាណាដា ដែលបានមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ឱ្យចុះទៅយកព័ត៌មាន ផ្ដិតយករូបភាព និងវីដេអូដោយផ្ទាល់នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។
ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។
តំបន់ទាំងនោះ រួមមានភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាតំបន់ជនស៊ីវិលរស់នៅសុទ្ធសាធ ប៉ុន្តែត្រូវបានភាគីថៃឈ្លានពាន រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់យ៉ាងធ្ងន់ធ្ងរ។ ដោយឡែក តំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ក៏រងការបាញ់ប្រហារ និងឈ្លានពានយ៉ាងកំរោលពីសំណាក់យោធាថៃផងដែរ។
ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានអន្តរជាតិ ក៏បានចុះទៅពិនិត្យដោយផ្ទាល់ទីតាំងទូរកុងតឺន័រ ដែលយោធាថៃ ដាក់ព័ទ្ធចូលទឹកដីកម្ពុជា នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់។
ដំណើរទស្សនកិច្ចនេះបានបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ពីផលប៉ះពាល់ជាក់ស្ដែងលើជនស៊ីវិល ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះឡើយ៕






















