FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ចំពោះមរណភាពរបស់ ឧបាសក សួស តិចឆាយ

22-11-2026 16:21

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បន្ទាប់ពីទទួលដំណឹងថា ឧបាសក សួស តិចឆាយ ត្រូវជាឪពុកបង្កើត និងឪពុកក្មេក បានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅប្រទេសបារាំង។

យោងតាមសារលិខិតចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវសេចក្តីក្រៀមក្រំក្នុងចិត្ត និងសោកស្តាយចំពោះមរណភាពរបស់ ឧបាសក សួស តិចឆាយ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០២:១៥នាទីទៀបភ្លឺ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងបរិយាកាសដ៏សែនវិយោគសោកស្តាយនេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា មរណភាពរបស់ ឧបាសក សួស តិចឆាយ មិនត្រឹមតែជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបរិច្ចាគធនធានផ្ទាល់ខ្លួនដ៏ច្រើន ដើម្បីរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា សំដៅនាំមកនូវសេចក្តីសុខ និងសុខដុមរមនាក្នុងសង្គមទាំងផ្នែក «អាណាចក្រ និងពុទ្ធចក្រ»។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចូលរួមរំលែកមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាមួយ ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សួស តិចឆាយ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕