FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចាយ បូរិន ជំរុញសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកតំបែរ ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

22-11-2026 15:15

(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ នៃឃុំទាំង៧ ក្នុងស្រុកតំបែរ ដើម្បីជំរុញឱ្យសមាជិកបក្សទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីកុំឱ្យបាត់បង់សិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។

តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការងារនេះដំណើរការពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនៅសល់ត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ។

ពិធីនេះមានការចូលរួមពីអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុក ប្រធាន និងអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំទាំង៧ លោកស្រី ឡេង សុខា និងលោកស្រី នី ចាន់ធីតា អនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកតំបែរ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ និងប្រធាន អនុប្រធាន សមាជិកភូមិទាំង៨៣ សរុបប្រមាណ ៣២១នាក់។

លោក ចាយ បូរិន បានមានប្រសាសន៍ថា ការបោះឆ្នោតកាន់តែខិតជិតមកដល់នាពេលខាងមុខ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ នៅឆ្នាំ២០២៨។

លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានការពារបូរណភាពទឹកដី ស្របតាមច្បាប់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលមានគណៈប្រតិភូ៨១ប្រទេស ចូលរួម។ ព្រឹត្តិការណ៍នេះបង្ហាញថា កម្ពុជារក្សាបានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានការអភិវឌ្ឍរីកចម្រើន។

លោកក៏ស្នើឱ្យឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ និងការញុះញង់ ទាំងដោយផ្ទាល់ និងតាមបណ្តាញសង្គម ដោយចាត់ទុកថា «សមាជិកបក្សម្នាក់ ជាឃោសនិកម្នាក់របស់គណបក្ស» ព្រមទាំងបានណែនាំដល់ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ នៃឃុំទាំង៧ ក្នុងស្រុកតំបែរ យកចិត្តទុកដាក់និងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានាដែលនៅសេសសល់នៅមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ។

ជាទីបញ្ចប់ លោក ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សទូទាំងស្រុកតំបែរ ហើយជំរុញឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋជានិច្ច និងបានរំលឹកជាថ្មីថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះហើយ ដូច្នេះសមាជិក សមាជិកាគ្រប់រូបត្រូវរួសរាន់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕