កុំស្រែកបំផ្លើស បដិសេធការពិត! កម្ពុជាបង្ហាញភស្តុតាងជាក់ស្តែង និងសមិទ្ធផលលេចធ្លោលើវិស័យបរិស្ថាន ដើម្បីច្រានចោលការរិះគន់គ្មានមូលដ្ឋាន
22-11-2026 10:32
(ភ្នំពេញ)៖ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាបាននិងកំពុងបង្ហាញឆន្ទៈមោះមុត ព្រមទាំងសកម្មភាពជាក់ស្តែងឥតឈប់ឈរ ក្នុងការគ្រប់គ្រងបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ក្រោមចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាដែលមាន «ភាពស្អាត ភាពបៃតង និងចីរភាព»។ ប៉ុន្តែ ជារឿងគួរឱ្យហួសចិត្ត នៅតែមានមនុស្សមួយក្រុមតូចដែលប្រកាន់យកផ្នត់គំនិតអគតិ តែងតែស្រែកបំផ្លើស និងចោទប្រកាន់ទាំងបំពានថា កម្ពុជាគ្មានការរីកចម្រើនផ្នែកបរិស្ថាន បង្កការបំពុល និងគ្មានភាពស្អាតនៅតាមមូលដ្ឋាន។
ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។
ការពិតដែលមិនអាចប្រកែកបាន គឺសមិទ្ធផលជាផ្លែផ្កាដែលកើតចេញពីការចូលរួមយ៉ាងសកម្ម និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នៅទូទាំងប្រទេស រួមមាន៖
១) សន្ទុះនៃការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ ប្រជាពលរដ្ឋខ្មែរជាង ១៤លាននាក់ បានរួមគ្នាប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងផុសផុល។ កម្លាំងចលករដ៏មហិមានេះ បានធ្វើឱ្យបរិមាណនាំចូលប្លាស្ទិកមកកម្ពុជា ធ្លាក់ចុះរហូតដល់ប្រមាណ ៨៥% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនៃយុទ្ធនាការ។ តើតួលេខដ៏ធំធេងនេះ នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកដែលធ្វើជាមើលមិនឃើញការពិតទៀតឬ?
២) ភាពស្អាតនៅតាមមូលដ្ឋាន និងដងផ្លូវ៖ តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» មានមហាជនជាង ៧លាននាក់ បានចុះអនុវត្តផ្ទាល់ក្នុងការរើសសំរាម សម្អាតបរិស្ថាន និងរៀបចំការទុកដាក់សំរាមបានយ៉ាងល្អប្រសើរជាបណ្តើរៗ នៅតាមសហគមន៍ និងតាមបណ្តោយផ្លូវជាតិនានា។
៣) ការការពារប្រភពទឹក និងសុខុមាលភាពពលរដ្ឋ៖ ក្នុងកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់ការបំពុលទឹក ទឹកកខ្វក់ប្រមាណ ៣០លានម៉ែត្រគូប ត្រូវបានទប់ស្កាត់ទាន់ពេលវេលា មិនឱ្យបញ្ចេញពីរោងចក្រ សហគ្រាស ទៅបំពុលតំបន់ទឹកសាធារណៈឡើយ។ វិធានការនេះបានការពារប្រព័ន្ធជីវៈចម្រុះក្នុងទឹក ព្រមទាំងធានាបាននូវសុខភាព និងការរស់នៅដ៏ប្រសើររបស់ប្រជាពលរដ្ឋ។
៤) ការតាមដាន និងធានាបាននូវគុណភាពខ្យល់ល្អប្រសើរ៖ ផ្ទុយស្រឡះពីការចោទប្រកាន់គ្មានមូលដ្ឋាន កម្ពុជាបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ សរុបប្រមាណ ៦០ទីតាំងនៅទូទាំងរាជធានី-ខេត្ត រួមទាំងប្រព័ន្ធតាមដានតាមផ្កាយរណប និងរថយន្តចល័តផងដែរ។ លទ្ធផលនៃការវាស់វែងជាប្រចាំឆ្នាំបានបង្ហាញយ៉ាងច្បាស់ថា កំហាប់ភាគល្អិតនិចល (PM2.5) នៅកម្ពុជា ស្ថិតនៅក្រោមកម្រិតស្តង់ដារបំពុលជាតិ (៥០ µg/m³) ដែលស្ថិតក្នុងកម្រិត «ល្អ» និង «ល្អណាស់» មិនបង្កការបំពុលដល់ប្រជាពលរដ្ឋ ឬប្រទេសជិតខាងឡើយ។
៥) ការបង្កើនគម្របបៃតង៖ ដើម្បីការពារ និងពង្រីកធនធានធម្មជាតិ កម្ពុជាបាននិងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយមានការដាំកូនឈើឡើងវិញរាប់លានដើមនៅទូទាំងប្រទេស ក្នុងគោលដៅបង្កើនគម្របព្រៃឈើ និងឈានទៅសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
សមិទ្ធផលទាំងអស់នេះ គឺជាភស្តុតាងរស់ដែលបញ្ជាក់ពីការចូលរួមយ៉ាងពិតប្រាកដពីសាធារណជនគ្រប់ទិសទី អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធទាំងអស់ និងដៃគូសហការគ្រប់ថ្នាក់ទាំងជាតិ និងអន្តរជាតិ។ គ្មាននរណាម្នាក់អាចបំភ្លៃការពិតដែលកំពុងកើតឡើង នៅចំពោះមុខភ្នែកមហាជនរាប់លាននាក់បានឡើយ។
ជារួម ការបើកភ្នែកមើលការពិត និងទទួលស្គាល់សមិទ្ធផលរួមរបស់ជាតិ គឺជាគុណធម៌ និងជាការផ្តល់កម្លាំងចិត្ត ដល់អ្នកដែលកំពុងខិតខំប្រឹងប្រែង ការពារបរិស្ថាន និងធនធានធម្មជាតិ។ ផ្ទុយទៅវិញ ការស្រែកទាំងបើកភ្នែក ហើយធ្វើជាងងឹត មើលមិនឃើញអ្វីទាំងអស់ គ្រាន់តែឆ្លុះបញ្ចាំងពីភាពអគតិ និងការដើរបញ្ច្រាសពីឆន្ទៈរួម របស់ប្រជាជនកម្ពុជា ដែលកំពុងសាមគ្គីគ្នា កសាងមាតុភូមិឱ្យកាន់តែស្អាត និងបៃតងជានិច្ចនិរន្តរ៍តែប៉ុណ្ណោះ៕
ដោយ៖ ផ្នែកទស្សនៈ និងបរិស្ថាន
