លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី នៅវត្តសុទស្សនារាម ជ្រោយថ្ម
22-11-2026 10:31
(កំពង់ចាម)៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី របស់រដ្ឋបាលខេត្តកំពង់ចាម ដែលផ្តួចផ្តើមឡើងដោយឯកឧត្តមផ្ទាល់ រួមជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត។
ពិធីបុណ្យដ៏អធិកអធមនេះ ប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកស្រី លាង វួចឆេង ហ៊ុន ណេង នៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
បច្ច័យដែលទទួលបានពីអង្គកឋិនទានមហាសាមគ្គីនេះ នឹងត្រូវយកទៅបន្តការកសាងព្រះវិហារថ្មី ដែលមានទំហំ ៤៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់ ២ជាន់ (២៣ម៉ែត្រ) ក្នុងតម្លៃប៉ាន់ស្មានសរុបប្រមាណ ១.១៦៨.៩២៥ ដុល្លារអាមេរិក។
ពិធីដង្ហែអង្គកឋិនទានដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីបុណ្យនេះមិនត្រឹមតែជាការសន្សំកុសលផលបុណ្យតាមគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ៕























