ក្រសួងទេសចរណ៍ ផ្ញើសារលិខិតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ទទួលបានជោគជ័យ
21-11-2026 22:19
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ផ្ញើសារលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូសហការ សិល្បករ សិល្បការិនី អ្នកស្ម័គ្រចិត្ត អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការ និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុលផុសពីសាធារណជនជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie)» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» បានរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
ពិធីបើកព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី។
តាមរយៈសារលិខិតរបស់ ក្រសួងទេសចរណ៍បានដែល Fresh News ទទួលបាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូល គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ ព្រមទាំងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តទាំង២៤ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ ក្រសួងក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូជាតិ និងអន្តរជាតិ ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី អង្គការជាតិ និងអន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា វិស័យឯកជន ដៃគូឧបត្ថម្ភ ក្រុមការងារបច្ចេកទេស ក្រុមគ្រូពេទ្យ សមាគម សហគមន៍ គ្រឹះស្ថានសិក្សា អាជីវករ សិល្បករ សិល្បការិនី អ្នកស្ម័គ្រចិត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញសង្គម និងក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធាន ដើម្បីរួមគ្នារៀបចំព្រឹត្តិការណ៍នេះឱ្យសម្រេចបានជោគជ័យ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពអធិកអធម មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងរក្សាបាននូវបរិស្ថាន និងអនាម័យស្អាតបាត។ ជាពិសេស ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសម្រេចបានតាមផែនការដែលបានគ្រោងទុក ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ជាចុងក្រោយ ក្រសួងទេសចរណ៍បានប្រសិទ្ធពរជ័យជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕






