FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងការងារអាហារូបករណ៍

21-11-2026 20:49

(ព្រៃវែង)៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងការងារអាហារូបករណ៍។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត អារិយ៉ា ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ស.ស.យ.ក. ឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន ស.ស.យ.ក. ខេត្ត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ខេត្តទាំង៣ សរុបប្រមាណ៧៩៦រូប។

ជាកិច្ចចាប់ផ្ដើម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកជួយការងារ ស.ស.យ.ក. ខេត្តព្រៃវែង ខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តរបស់ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងការងារអាហារូបករណ៍ ជូនទៅថល់ឯកឧត្តមប្រធាន ស.ស.យ.ក. និងអង្គប្រជុំ។

ថ្លែងនាឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាខេត្ត ព្រមទាំងក្រុមការងារអាហារូបករណ៍ ដែលបានខិតខំប្រឹងប្រែងដឹកនាំ ផ្ដល់អនុសាសន៍ណែនាំ តម្រង់ទិស និងចូលរួមដោយផ្ទាល់ រហូតសម្រេចបានការងារគួរជាទីមោទនៈជាច្រើនសម្រាប់ ស.ស.យ.ក. និងសង្គមជាតិ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលនានារបស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយគណៈកម្មាធិការកណ្ដាល និងរចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងការពង្រឹកកិត្យានុភាពរបស់ ស.ស.យ.ក. និងការជំរុញសកម្មភាពយុវជនក្នុងបុព្វហេតុសង្គមជាតិ។

លោកក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាខេត្ត ឱ្យបន្តពង្រឹង និងពង្រីកសមាជិកភាព ពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិក និងលើកកម្ពស់ការយល់ដឹងរបស់សមាជិកអំពីបេសកកម្មរបស់ខ្លួន ព្រមទាំងជំរុញការអនុវត្តផែនការសកម្មភាពស្របតាមផែនការយុទ្ធសាស្ត្រឆ្នាំ២០២៣–២០២៨។

លោកប្រធានក៏បានលើកទឹកចិត្តឲ្យបន្តអភិវឌ្ឍសមត្ថភាពយុវជន និងផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់យុវជនដែលមានសក្តានុពល ជាពិសេសយុវជននៅតំបន់ជនបទ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធិភាព គោលបំណង និងចក្ខុវិស័យរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុជាតុមាតុភូមិ៕