FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន អ៊ៀតយៀន នាំថវិកាសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនទូកង២២ទូក នៅខេត្តកំពត

21-11-2026 20:49

(កំពត)៖ រដ្ឋបាលខេត្តកំពតនឹងរៀបចំពិធីប្រណាំងទូកងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ដើម្បីរួម​ចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាដល់ទូកចំនួន២២ ដោយក្នុងមួយទូកទទួលបានថវិកា ៨០ម៉ឺនរៀល។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ប៉ែន អ៊ៀតយៀន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាំយកទៅជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពតនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ក្រៅពីអំណោយដែលបានរៀបរាប់ហើយនោះ លោក ប៉ែន អ៊ៀតយៀន បាននាំយកសៀវភៅ «យុទ្ធ​សាស្ត្រ​ត្រី​កោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ដែលជាសៀវភៅរៀបរាប់ពីការដឹកនាំផ្ទាល់របស់សម្ដេច​តេជោ ជូនលោកអភិបាលខេត្តដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តល់អំណោយដល់ទូកទាំង២២ រួមមាន អង្ករ ទឹកបរិសុទ្ធ មី ទឹកដោះគោឆៅ ភេសជ្ជៈ ចេកអំបូងលឿង និងអាវ ហើយក្នុងមួយទូកៗទទួលបានថវិកា ១លានរៀលដែរ។

សូមបញ្ជាក់ថា ដើម្បីនាំយកភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងអ្នកទៅលេងកម្សាន្តនៅខេត្តកំពង ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុនោះ ក្រៅពីមានព្រឹត្តិការណ៍ប្រណាំងទូកហើយនោះ រដ្ឋបាលខេត្ត ក៏មានរៀបចំតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងទំនិញទូទៅ។

នៅថ្ងៃទី២៤ ពេលល្ងាចបន្ទាប់ពីការប្រណាំងទូកប្រពៃណីត្រូវបានបញ្ចប់ រដ្ឋបាលខេត្ត នឹងបន្តរៀបចំ​ពិធី​សំពះព្រះខែ អកអំបុក នៅលើដៃសុភមង្គល ដើម្បីបួងសួងសុំសេចក្តីសុខ និងពរជ័យជូនដល់​ប្រជា​ពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពត រួមនឹងការបាញ់កាំជ្រួច ការប្រគំតន្ត្រី​កម្សាន្តនៅពេល​រាត្រី៕