FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៤នាក់ស្លាប់ និងរបួស ៣៥នាក់ ក្នងហេតុការណ៍ឆេះស្ថានីយ៍ថាមពលមួយកន្លែង នៅប្រទេសអ៉ីរ៉ាក់

21-11-2026 20:18

(Basra)៖ មន្ត្រីសន្តិសុខបានឱ្យដឹងថា មនុស្ស ៤នាក់បានស្លាប់ និង ៣៥នាក់រងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យមួយនៅស្ថានីយផលិតថាមពលអគ្គិសនី ភាគខាងត្បូងប្រទេសអ៉ីរ៉ាក់ នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកានេះ ហើយចំនួនអ្នកស្លាប់អាចបន្តកើនឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

អគ្គិភ័យកើតឡើងនៅវេលាម៉ោងប្រហែល ៦ព្រឹក (ម៉ោងក្នុងតំបន់) ដោយជនរងគ្រោះភាគច្រើនគឺជាអ្នកកំពុងស្ថិតនៅក្នុងផ្ទះ ដែលត្រូវរបួសដោយសារភ្លើងឆេះ និងដោយសារតែស្រូបផ្សែង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៉ីរ៉ាក់ INA រាយការណ៍ថាក្រុមការពារជនស៉ីវិល គ្រប់គ្រងស្ថានការណ៍អគ្គិភ័យនៅស្ថានីយផលិតថាមពល Hartha ភាគខាងជើងទីក្រុង Basra បានហើយ បន្ទាប់ពីកម្លាំងពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍។

តាមក្រសួងអគ្គិសនីរបស់ប្រទេសអ៉ីរ៉ាក់ ហេតុការណ៍នេះពាក់ព័ន្ធនឹងបំពង់បង្ហូរឧស្ម័នមួយដែលផ្គត់ផ្គង់ដល់ស្ថានីយផលិតថាមពលអគ្គិសនី។ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់​ លោក Ali al-Zaidi បានបញ្ជាឱ្យមានការស៉ីបអង្កេតជាបន្ទាន់មួយជុំវិញហេតុការណ៍ផ្ទុះនោះ ដើម្បីកំណត់រកមូលហេតុ និងកំណត់ការទទួលខុសត្រូវ។

គួរបញ្ជាក់ថា ស្ថានីយ៍ Hartha មានសមត្ថភាពផលិតអគ្គិសនីសរុប ៨០០មេហ្គាវ៉ាត់ ប៉ុន្តែមុនពេលកើតហេតុអគ្គិភ័យ វាដំណើរការក្នុងកម្រិតប្រហែល ៤០០មេហ្គាវ៉ាត់ប៉ុណ្ណោះ៕