បណ្ឌិត ឡី សុភាព៖ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា មិនចោលសមាជិកណាម្នាក់ឱ្យនៅឯកោ ឬមិនត្រូវបានយកចិត្តទុកដាក់នោះទេ
21-11-2026 19:53
(ភ្នំពេញ)៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានគូសបញ្ជាក់ថា សមាជិកទាំងអស់របស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា មិនចោលសមាជិកណាម្នាក់ឱ្យនៅឯកោ ឬមិនត្រូវបានយកចិត្តទុកដាក់នោះទេ ពោលគឺសមាជិកទាំងអស់តែងតែជួយគ្នា ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារជាមូលដ្ឋានមានភាពល្អប្រសើរ។
ការលើកឡើងរបស់ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកប្រតិបត្តិ ប្រធានគណៈកម្មការ ប្រធានវិស័យ អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក ប្រតិភូ ទីប្រឹក្សា ជំនួយការ និងគណៈកម្មការប្រតិបត្តិសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ឡី សុភាព បានឱ្យដឹងថា ពិធីនេះធ្វើឡើងដើម្បីរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៧-២០៣២ ដើម្បីឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជំរុញការគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធរបស់សមាគមគឺដើម្បីឱ្យសមាជិកទទួលបានការគាំទ្រ និងមានការទទួលខុសត្រូវ ហើយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា មិនត្រូវចោលសមាជិកណាម្នាក់ឱ្យនៅឯកោ ឬមិនត្រូវបានយកចិត្តទុកដាក់នោះទេ ពោលគឺសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា តែងតែជួយដល់សមាជិក ដើម្បីឱ្យសមាជិកមានសេដ្ឋកិច្ចជាមូលដ្ឋានល្អបានគ្រប់ៗគ្នា។
បន្ថែមលើនេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងឱ្យមានតួនាទីភារកិច្ច គឺដើម្បីឱ្យមានការទទួលខុសត្រូវ ខណៈដែលប្រទេសជាតិមួយរឹងមាំ រីកចម្រើនលើគ្រប់វិស័យស្មើគេស្មើឯងទៅបាន លុះត្រាតែប្រជាជនម្នាក់ៗមានតួនាទី ភារកិច្ច និងការទទួលខុសត្រូវទាំងអស់គ្នា៕

























