ទស្សនាទិដ្ឋភាពបណ្ណាល័យរដ្ឋរុស្ស៉ី ដែលធំជាងគេលើពិភពលោក លំដាប់ទី២
21-11-2026 18:34
(មូស្គូ)៖ បណ្ណាល័យរដ្ឋរុស្ស៊ី (Russian State Library) គឺជាបណ្ណាល័យជាតិដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ី និងជាបណ្ណាល័យធំជាងគេទី២ នៅលើពិភពលោក ដែលមានទីតាំងនៅកណ្តាលទីក្រុងមូស្គូ។
បើតាមការផ្សាយរបស់ផ្ទះវប្បធម៌រុស្ស៉ី ឯកសារនៅបណ្ណាល័យនេះ មានលើសពី ៤៨លាន ជា៣៦៧ភាសា។ នៅសប្តាហ៍នេះ លោក កែវ ពិសិដ្ឋ អ្នករាយការណ៍បណ្តាញព័ត៌មាន Fresh News ប្រចាំសហព័ន្ធរុស្ស៉ី បានចូលទស្សនកិច្ចផងដែរ។
បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦២ ជាផ្នែកមួយនៃសារមន្ទីរសាធារណៈមូស្គូ និងសារមន្ទីរ Rumyantsev។ ក្នុងសម័យសូវៀត វាត្រូវបានគេស្គាល់ជាទូទៅថាជា បណ្ណាល័យរដ្ឋលេនីន (Lenin State Library) មុនពេលប្តូរមកជាឈ្មោះបច្ចុប្បន្នក្នុងឆ្នាំ១៩៩២។
ពលរដ្ឋរុស្ស៊ី និងជនបរទេសដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ អាចចុះឈ្មោះធ្វើបណ្ណអានសៀវភៅដោយឥតគិតថ្លៃនៅច្រកចូលទី ១ នៃអគារធំ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែន (និងឯកសារស្នាក់នៅ/ទិដ្ឋាការ សម្រាប់ជនបរទេស)។
ចំពោះស្ថាបត្យកម្ម គឺអគារធំមានរចនាបថបែបបុរាណថ្មី (Neoclassical) ដ៏ធំស្កឹមស្កៃ។ វាស្ថិតនៅមិនឆ្ងាយពីវិមានក្រឹមឡាំង (Kremlin) នោះឡើយ។
តួលេខនៃការចូលប្រើប្រាស់៖
*អ្នកចូលអានផ្ទាល់ក្នុងអគារ៖ យោងតាមស្ថិតិផ្លូវការប្រចាំឆ្នាំរបស់បណ្ណាល័យ (គិតត្រឹមឆ្នាំ២០២៤) មានការចូលទស្សនា និងអាននៅតាមបន្ទប់អានសរុបប្រមាណ ៨៥៤,៤០០ ដងក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រហែល ២,៨០០ ទៅ ៣,០០០ នាក់ក្នុងមួយថ្ងៃ (ដោយដកថ្ងៃអាទិត្យ និងថ្ងៃសម្អាតប្រចាំខែចេញ)។ នៅថ្ងៃដែលមានអ្នកសិក្សាស្រាវជ្រាវច្រើន ចំនួននេះអាចឡើងដល់ប្រមាណ ៤,០០០ នាក់ក្នុងមួយថ្ងៃ ហើយមានអ្នកចុះឈ្មោះធ្វើបណ្ណសមាជិកថ្មីប្រមាណ ២០០ នាក់ ជារៀងរាល់ថ្ងៃ។
*អ្នកចូលប្រើប្រាស់តាមប្រព័ន្ធអនឡាញ៖ ក្រៅពីអ្នកចូលផ្ទាល់ វេបសាយ និងបណ្ណាល័យអេឡិចត្រូនិក មានអ្នកចូលប្រើប្រាស់សរុបរហូតដល់ ៤៤.៥ លានដងក្នុងមួយឆ្នាំ ឬជាមធ្យមជាង ១២០,០០០ ដងក្នុងមួយថ្ងៃ ពីជុំវិញពិភពលោក។
*ប្រៀបធៀបនឹងសម័យសូវៀត៖ កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ មុនពេលមានអ៉ីនធឺណិត និងសៀវភៅអេឡិចត្រូនិក បណ្ណាល័យនេះធ្លាប់ទទួលអ្នកអានផ្ទាល់ច្រើនបំផុតរហូតដល់ ៥,០០០ ទៅ ៨,០០០ នាក់ក្នុងមួយថ្ងៃ៕




















