ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៧ នឹងកាន់តែផ្តល់ភាពទាក់ទាញនិងការច្នៃប្រឌិតខ្ពស់ ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងអន្តរជាតិ (Video inside)
21-11-2026 17:54
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦»រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនឹងនាំមកនូវកម្មវិធីធំៗជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងសក្តានុពលសហគ្រាសក្នុងស្រុក និងជំរុញការតភ្ជាប់ពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោក។
ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំនេះ ធ្វើឡើងស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើទំនើបកម្ម និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់តម្លៃផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពិព័រណ៍នៅឆ្នាំនេះនឹងបង្ហាញពីភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំស្តង់ និងការផ្សព្វផ្សាយ ដោយផ្តោតសំខាន់លើការតភ្ជាប់ទីផ្សារទាំងកម្រិត B2C និង B2B។ ក្រសួងក៏បានអញ្ជើញអង្គទូតនានា ដើម្បីទាក់ទាញអ្នកបញ្ជាទិញអន្តរជាតិឱ្យមកស្វែងយល់ពីសក្តានុពលផលិតផលកម្ពុជា ដូចជា អង្ករ ម្រេច ស្វាយចន្ទី និងផ្លែស្វាយជាដើម។
លើសពីនេះ ពិព័រណ៍នឹងមានការបែងចែកស្តង់គ្របដណ្តប់គ្រប់វិស័យ ទាំងផលិតផលកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងការផ្តល់សេវាសាធារណៈផ្ទាល់ ដូចជាការចុះបញ្ជីក្រុមហ៊ុន ការពិគ្រោះយោបល់លើស្តង់ដារគុណភាព និងការនាំចេញផងដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបើកច្រកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ។
ក្នុងរយៈពេល ៤ថ្ងៃនៃពិព័រណ៍ នឹងមានការរៀបចំកម្មវិធីធំៗជាច្រើន រួមមានសិក្ខាសាលាស្តីពីគោលនយោបាយពាណិជ្ជកម្ម វេទិកានាំចេញរបស់កម្ពុជា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-វៀតណាម ព្រមទាំងការផ្គូផ្គងអាជីវកម្ម និងការចុះអនុស្សរណៈយោគយល់គ្នា (MOU)។ បន្ថែមលើនេះ ព្រឹត្តិការណ៍ក៏នឹងជំរុញផលិតផលខ្មែរចូលផ្សារទំនើបក្រោមយុទ្ធនាការ #MadeInCambodia និងការបណ្តុះបណ្តាលឌីជីថល ដើម្បីនាំចេញតាមថ្នាល CambodiaTrade.com មុននឹងបិទបញ្ចប់ដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍។
គិតមកទល់ពេលនេះ មានស្តង់ផលិតផលក្នុងស្រុកជាច្រើន ត្រៀមខ្លួននាំយកផលិតផលរបស់ខ្លួនមកតាំងបង្ហាញ ដែលរួមមាន ស្តង់ ម្ហូបអាហារ និងភេសជ្ជៈអាជីវករខ្នាតតូច និងផលិតផលនាំចូលជាដើម។ បន្ថែមពីនេះ ក៏មានការចូលរួមពីស្ថានទូត និងក្រសួងនានា ព្រមទាំងទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនដៃគូចំនួន ៦ ផងដែរ៕












