ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យក្រុមការងារគណបក្សទាំងអស់សហការគ្នា និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
21-11-2026 17:22
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យក្រុមការងារគណបក្សប្រជាជនទាំងអស់សហការគ្នា និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។
លោកស្រីមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅអាណត្តិនេះពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាវិញ្ញាសាដែលលំបាក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ ដោយឈរលើគោលការណ៍កិច្ចសហការគ្នា និងឯកភាពផ្ទៃក្នុងកាន់តែរឹងមាំឡើងបន្ថែមទៀតនោះ ទើបយើងទាំងអស់គ្នាទទួលបានជោគជ័យ។
លោកស្រីបានរំលេចនូវចំណុចសំខាន់ៗចំនួន ៤ ដល់អង្គប្រជុំ៖
១. លោកស្រីកោតសរសើរចំពោះអ្នកធ្វើរបាយការណ៍ដែលមានភាពរីកចម្រើន និងប្រសើរឡើង នេះក៏ដោយសារតែរបាយការណ៍តាមឃុំផ្ញើមកទាន់ពេល។
២. បេក្ខជនដែលជាក្រុមប្រឹក្សាឃុំត្រូវបន្តខិតខំប្រឹងប្រែងចុះមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ពីព្រោះថាវិញ្ញាសាដែលស្មុគស្មាញនោះគឺ បញ្ហាព្រំដែន បញ្ហាស្គែម ភាពមិនប្រាកដប្រជារបស់ពិភពលោក ពិសេសបញ្ហាប្រេងឥន្ធនៈឡើងថ្លៃដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានបញ្ហាសតិអារម្មណ៍។ យើងដឹងហើយថា បើប្រេងឡើងថ្លៃ អ្វីៗក៏ឡើងថ្លៃដែរ ហើយវាមិនមែនមានតែកម្ពុជាដែរ ដូច្នេះយើងត្រូវដឹងពីការដោះស្រាយ។ ចំពោះបញ្ហាព្រំដែន ថ្នាក់ដឹកនាំរបស់យើងប្រើប្រាស់យន្តការ និងច្បាប់អន្តរជាតិដែលមានស្រាប់។ ចំពោះបញ្ហាស្គែមអនឡាញ ប្រទេសណាក៏មានដែរ សម្រាប់កម្ពុជាយើងបានបង្ក្រាបដោយជោគជ័យ។
៣. ក្ដាប់សតិអារម្មណ៍ប្រជាពលរដ្ឋឱ្យបានល្អ ក្ដាប់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដាច់ស្បៀង។
៤. គណៈបក្សឃុំ និងក្រុមការងារត្រូវជំរុញឱ្យប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា ពិសេសសុំលេខទូរស័ព្ទរបស់បងប្អូន ដើម្បីជំរុញឱ្យគាត់បានមកចុះឈ្មោះបោះឆ្នោត ដែលយើងមិនអាចមើលស្រាលការងារតូចៗនេះបានទេ វាអាចនាំឱ្យគណបក្សប្រឆាំងមួយចំនួនចាប់យកឱកាសកេងចំណេញផ្នែកនយោបាយ។
លើសពីនេះទៀត លោកស្រីជំរុញឱ្យក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ សហការគ្នាពិនិត្យមើលអណ្ដូងទឹក និងស្រះទឹករបស់ប្រជាពលរដ្ឋដែលអាចប្រើប្រាស់បាន ដើម្បីស្ដារជូនគាត់ឱ្យបានទាន់ពេលវេលា ពីព្រោះរដូវនេះជារដូវក្ដៅ នឹងត្រូវប្ដេជ្ញាចិត្តខ្ពស់ដើម្បីយកជ័យជម្នះឱ្យបានលើសលប់សម្រាប់អាណត្តិថ្មីនេះ។
លោកស្រីសូមផ្ដាំផ្ញើឱ្យសមាជិកគណបក្សទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាចរាចរណ៍ និងមានសុវត្ថិភាពទាំងអស់គ្នា។ សូមបញ្ជាក់ថា ចប់កិច្ចប្រជុំ លោកស្រីបានអញ្ជើញចូលមើលវឌ្ឍនភាពទីស្នាក់ការគណបក្សថ្មីដែលសម្រេចការសាងសង់បាន ៧០%៕
























