វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១.៩៨៣ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក
21-11-2026 17:09
(កំពង់ធំ)៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១.៩៨៣ ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តក្របៅ ភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក នួន ផារ័ត្ន បានលើកឡើងអំពីវឌ្ឍនភាពស្ថានភាពនយោបាយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តោតលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាព្រំដែនតាមយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោកបានបន្តថា លទ្ធផលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសម្រេចបាននាពេលនេះ ពិតជាសមិទ្ធផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ព្រោះលទ្ធផលដែលសម្រេចបានជាការរួមចំណែកការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។
លោក សៅ សុភាព ថ្លែងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ ដើម្បីធានាសុវត្ថិភាព និងភាពច្បាស់លាស់នៃសិទ្ធិកាន់កាប់ និងសិទ្ធិលើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្ដល់នូវឯកសារផ្លូវការសម្រាប់បញ្ជាក់កម្មសិទ្ធិ និងកាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី ដើម្បីរួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី លើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ធនធានដីធ្លីឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
លោក សៅ សុភាព បានបញ្ជាក់ថា ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនៅសេសសល់ ក្រុមការងារនឹងបន្តចែកជូនប្រជាពលរដ្ឋនៅតាមបណ្ដាឃុំផ្សេង ក្នុងស្រុកគោលដៅ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិស្របច្បាប់ទទួលបានវិញ្ញាបនបត្របានគ្រប់ៗគ្នា និងរក្សាទុកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានត្រឹមត្រូវ ព្រមទាំងប្រើប្រាស់តាមគោលបំណងដែលច្បាប់បានកំណត់។
តាមការបញ្ជាក់ពីលោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ បានឱ្យដឹងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១.៩៨៣ បណ្ណ ស្មើនឹង ២.៧៤១ គ្រួសារ ក្នុងភូមិចំនួន ៨ រួមមាន៖ ភូមិដូង ភូមិគគរ ភូមិគ្រួរ ភូមិដងតាឯក ភូមិតាមុំ ភូមិក្របៅ ភូមិគ្រួស និងភូមិដងផ្តៀក ដែលស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ៕



































