ជនរងគ្រោះប្រកាសជូនសគុណ ៣,០០០ដុល្លារ ដល់សមត្ថកិច្ចដែលចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រាក់ជិត ៧ម៉ឺនដុល្លារ
21-11-2026 16:15
(ភ្នំពេញ)៖ លោក ជា លីសែ ប្រកាសជាសាធារណៈលើបណ្តាញសង្គម ដោយសន្យាជូនប្រាក់សគុណចំនួន ៣,០០០ដុល្លារអាមេរិក ជូនដល់កម្លាំងសមត្ថកិច្ចណាដែលអាចស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបុគ្គលឈ្មោះ សាន វិសាល។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបុគ្គលរូបនោះ បានប្រើល្បិចលួងលោមឱ្យគ្រួសាររបស់លោកធានាខ្ចីប្រាក់គេជិត ៧ម៉ឺនដុល្លារអាមេរិក ឱ្យខ្លួន ហើយគេចវេសមិនទទួលខុសត្រូវ។
យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារលោកត្រូវរងទុក្ខវេទនា និងចំណាយពេលដោះស្រាយសងបំណុលជំនួសអស់ជាច្រើនឆ្នាំ។ បច្ចុប្បន្ន ភាគីជនរងគ្រោះមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ រួមទាំងដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាការផងដែរ។
លោក ជា លីសែ បានបញ្ជាក់បន្ថែមថា ការចេញមុខទម្លាយការពិតនេះ ក៏ដើម្បីជាការដាស់តឿនកុំឱ្យសាធារណជនចាញ់បោកបន្តទៀត ព្រោះបុគ្គលឈ្មោះ សាន វិសាល តែងដើរឆបោកនៅតាមបណ្តាខេត្តនានា ដោយយកឈ្មោះ និងរូបថតជាមួយថ្នាក់ដឹកនាំមកកាងដោះស្រាយបញ្ហា ឬរត់ការរឿងផ្សេងៗ ដើម្បីបោកបញ្ឆោតជនស្លូតត្រង់៕













