FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនជនបរទេសចំនួន១១នាក់

21-11-2026 15:38

(ព្រះសីហនុ)៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, កម្លាំងជំនាញកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២២៖២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៣កន្លែង (ផ្ទះវីឡា ផ្ទះល្វែង និងខុនដូ) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ១១នាក់ (ស្រី ១នាក់) រួមមាន៖ ជនជាតិចិន ៤នាក់ ឥណ្ឌា ១នាក់ និងប៉ាគីស្ថាន ៦នាក់។

ទន្ទឹមនឹងនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរសព្ទដៃផ្ទាល់ខ្លួន ១៨គ្រឿង ទូរសព្ទប្រើប្រាស់លើប្រព័ន្ធអនឡាញ ២០គ្រឿង កុំព្យូទ័រយួរដៃ ៨គ្រឿង លិខិតឆ្លងដែន ៨ក្បាល និងបណ្ណការងារ ១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕