មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងជួយសង្គ្រោះបន្ទាន់ស្រ្តីម្នាក់ និងកូនរបស់នាយទាហានអាវុធហត្ថខេត្ត ក្រោយសម្រាលកូន
21-11-2026 15:03
(កំពង់ស្ពឺ)៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ហម ណាវី អាយុ៣៨ឆ្នាំ ត្រូវជាភរិយាលោកអនុសេនីយ៍ឯក វ័រ សឿង នាយរងការិយាល័យវិស្វកម្ម មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកថែទាំសុខភាព (ឆ្លងទន្លេ) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារអាវុធហត្ថ បានសម្ដែងអារម្មណ៍ត្រេកអរយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងថា លោកស្រី ហម ណាវី ភរិយាលោកអនុសេនីយ៍ឯក វ័រ សឿង បានសម្រាលបុត្រដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្ដាយទាំងកូន។
ក៏ប៉ុន្តែក្នុងពេលសម្រាលនោះដែរ កូនមានទំហំធំពេក មានភាពលំបាកក្នុងការសម្រាលតាមធម្មជាតិដោយសាររយៈពេលយូរ ទើបក្រោយពេលសម្រាលរួច។ក្រោមការយកចិត្តទុកដាក់របស់លោកគ្រូ-អ្នកគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺលោកស្រី ហម ណាវី មានសុវត្ថិភាពទាំងម្ដាយ និងទារក។
ជាក់ស្ដែង ក្រោយពីសម្រាលរួច ដោយសុខភាពកូនរបស់គាត់មានសុខភាពខ្សោយខ្លាំង ទាមទារការសង្គ្រោះបន្ទាន់ជាចាំបាច់។ ក្រោមការយកចិត្តទុកដាក់ និងព្រួយបារម្ភរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ឲ្យក្រុមការងារសុខាភិបាលអាវុធហត្ថ សហការជាមួយលោកគ្រូពេទ្យ រៀបចំយករថយន្តសង្គ្រោះបន្ទាន់របស់អាវុធហត្ថដោយភ្ជាប់ជាមួយឧបករណ៍បំពាក់អុកស៊ីហ្សែនស្រាប់ បញ្ជូនបន្តទៅសម្រាកថែទាំសុខភាពបន្តនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។
ភ្លាមៗក្រុមការងារសុខាភិបាលកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំដឹកម្ដាយ និងកូនរបស់គាត់ដែលមានសភាពខ្សោយខ្លាំង ទាមទារការសង្គ្រោះបន្ទាន់ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានទាន់ពេលវេលាប្រកបដោយសុខសុវត្ថិភាពផងដែរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះលោកអនុសេនីយ៍ឯក វ័រ សឿង និងភរិយា ដែលទទួលបានសមាជិកថ្មី និងបានជូនពរដល់លោកស្រី និងបុត្រសូមឲ្យមានសុខភាពល្អ។
ជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក្នុងពេលចុះសួរសុខទុក្ខដោយផ្ទាល់ ក៏បានឧបត្ថម្ភជាថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងសម្ភារមួយចំនួនទៀតរួមមាន (ទឹកសុទ្ធ ៤កេស, ភេសជ្ជៈ ១កេស, មី ២កេស និងទឹកដោះគោឆៅ ២កេស) ថែមទៀតផង៕



















