ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត Mazda EZ6 បុកម៉ូតូនៅស្រុកសង្កែ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ កម្លាំងនគរបាលខេត្តបាត់ដំបង កំពុងតាមស្រាវជ្រាវ និងចាប់ខ្លួនស្រ្តីអ្នកបើក ដែលគេចចេញពីមូលដ្ឋាន
21-11-2026 14:30
(បាត់ដំបង)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២១:០០នាទីនៅលើផ្លូវជាតិ លេខ៥ ស្ថិតនៅក្រុមទី១ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ ដែលបណ្តាលឲ្យបើកអ្នកម៉ូតូស្លាប់ និងអ្នករួមដំណើររងរបួសស្រាល។
ចំពោះអ្នកបើករថយន្តដែលជាស្រ្តីឈ្មោះ សឺន សារ៉េត បានរត់គេចខ្លួនចេញពីមូលដ្ឋានរហូត ក្រោយកើតហេតុ ដែលកម្លាំងនគរបាលជំនាញចរាចរណ៍ និងនគរបាលមូលដ្ឋាន សហការគ្នាតាមស្រាវជ្រាវ និងតាមចាប់ខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូ០១គ្រឿង ម៉ាក Honda Dreamពណ៌ខ្មៅពាក់ផ្លាក លេខបាត់ដំបង 1Y- 5629 អ្នកបើកបរឈ្មោះ ស្រេង គឹមទៀង ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ) និងមានអ្នករួមដំណើរឈ្មោះ ថន ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល)។
ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ម៉ូតូបានបុកជាមួយរថយន្តចំនួន០១គ្រឿងម៉ាក Mazda EZ6 ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានអ្នកបើកបរភេទស្រី បានគេចខ្លួនពីកន្លែងកើត ហេតុ។
ក្រោយកើតហេតុមន្រ្តី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការពិនិត្យកន្លែងកើតហេតុ វាស់វែង និងប្រមូលវត្ថុតាងម៉ូតូចំនួន ០១គ្រឿង និងរថយន្តចំនួន ០១គ្រឿង យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
តាមការពិនិត្យកន្លែងកើតហេតុ ម៉ូតូ Honda Dream បានបើកបរពីទិស ខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានបុករថយន្ត Mazda ដែលកំពុងបើកបរបញ្ច្រាសទិសចរាចរណ៍ឆ្លងផ្លូវក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើតចំហៀងខាងស្ដាំផ្នែកខាងក្រោយតែម្តង។
ដោយសារអ្នកបើកបររថយន្តខាងលើ បានគេចខ្លួនចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចនគរបាលទៅដល់ ហើយតាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចកំណត់នូវអត្តសញ្ញាណរបស់អ្នកបើកបររថយន្តនេះបានហើយ គឺឈ្មោះ សឺន សារ៉េត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែស្រី្តរូបនេះបានគេចខ្លួនពីមូលដ្ឋានរហូតមក។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើ ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចនៅតែបន្តស្វែងរកវត្តមានរបស់អ្នកបើកបររថយន្ត និងរង់ចាំអនុវត្តនូវរាល់អធិបញ្ជារបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕






