កម្ពុជា-កាណាដា ស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូ ផ្ដោតលើផែនការសម្រាប់ការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម
21-11-2026 13:29
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និងកម្ពុជា។
នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូ ដោយបានផ្លាស់ប្តូរមតិយោបល់ផ្តោតលើផែនការសម្រាប់ការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម ជាទស្សនវិស័យនាពេលអនាគត រួមមានការរៀបចំលំនៅឋានសមរម្យសម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព និងភាពសុខដុមក្នុងគ្រួសារ គាំទ្រជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការចិញ្ចឹមសត្វ ដាំដំណាំ និងគ្រឿងទេសចាំបាច់នានា សំដៅលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រទេសអោយកាន់តែមានសន្ទុះឈានឡើង។
ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តគាំទ្រលើកទឹកចិត្តជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ធនាគារ ពាណិជ្ជកម្ម ថាមពល និងរោងចក្រកែច្នៃអាហារសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។
សូមគូសបញ្ជាក់ថា ជំនួបនាពេលនេះគឺជាការកសាងស្ពានពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយកម្ពុជា និងកាណាដា មានលក្ខណៈពិសេសដោយប្រជាជនកម្ពុជារស់នៅប្រទេសកាណាដាច្រើន៕










