អភិសន្តិបណ្ឌិត ស សុខា សរសើរសកម្មភាព ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ដោយបានរំលេចពីស្នាដៃ រួមចំណែកសម្រេចយុទ្ធសាស្ត្របញ្ចកោណសម្ដេចធិបតី
21-11-2026 12:53
(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានថ្លែងកោតសរសើរ ភ្ជាប់ដោយការរំលេចពីស្នាដៃសកម្មភាពលេចធ្លោ ដែលក្រុមការងារ ស.ស.យ.ក.ទាំង៣ខេត្ត និងក្រុមការងារអាហារូបករណ៍ សម្រេចបាននារយៈពេលជិតមួយឆ្នាំមកនេះ ទាំងការងារយុវជន សង្គម មនុស្សធម៌ អប់រំ និងអភិវឌ្ឍ។
លទ្ធផលការងារទាំងនោះត្រូវបានអភិសន្តិបណ្ឌិត ស សុខា រំលេចឡើងជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង ដាំកូនឈើបាន១ម៉ឺនដើម អប់រំច្បាប់ចរាចរណ៍និងបិទចំណាំងផ្លាតគោយន្ត ៣៥០គ្រឿង សម្អាតបរិស្ថានសាធារណៈ២២៩លើក ផ្ដល់ជំនួយឧបត្ថម្ភពលរដ្ឋជួបការលំបាកជាង២០០គ្រួសារ ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃចំនួន១២លើក។
ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង បានអនុវត្ត ការងារអប់រំ បណ្តុះបណ្តាល និងកីឡា ១៣៣លើក ការងារបរិស្ថាន និងអនាម័យសុខភាព៦២លើក និងការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រេចបាន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ការងារសង្គម មនុស្សធម៌ បរិច្ចាគ និងបរិស្ថាន សម្រេចបាន៦៦៥លើក ការងារវប្បធម៌ សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗ១៧៧លើក និងការងារអប់រំ និងកីឡា ១៨៨លើក។ ជារួមសកម្មភាពភាគច្រើនរបស់ក្រុមការងារ ស.ស.យ.ក. ទាំង៣ខេត្ត ផ្ដោតលើការគាំទ្រដំណើរការសិក្សា និងការប្រឡងរបស់សិស្សថ្នាក់ទី១២ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជួយសង្គ្រោះពលរដ្ឋជួបការលំបាកដោយទឹកជំនន់ ពលរដ្ឋភៀសសឹក ពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃ និងការគាំទ្រដល់វីរយុទ្ធជនជួរមុខ ជាដើម។
ដោយឡែកក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានផ្តល់អាហារូបករណ៍ ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្ស និស្សិត មកពីគ្រួសារជួបការលំបាក ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨៧៥កន្លែង។
អភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយលើការងារនេះ ពីព្រោះបើគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦នេះ ក្រុមការងារអាហារូបករណ៍ បានផ្តល់ជូនសិស្ស-និស្សិត សរុបចំនួន៥.៨៣៧កន្លែងហើយ។
បើតាមលោក ស សុខា ស្នាដៃដែលក្រុមការងារ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍សម្រេចបាននេះ ពិតជារួមចំណែកឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាងនេះទៅទៀត លទ្ធផលនេះបានដើរស្របតាមគោលការណ៍ និងទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល ជាពិសេសផែនការយុទ្ធសាស្ត្រ យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវ សហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨។
កិច្ចប្រជុំ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត នឹងបន្តប្រព្រឹត្តទៅរហូតដល់រសៀលថ្ងៃដដែលនេះ ដែលពិធីបិទកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនឹងមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទ៣ រួមមាន១៖ យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ ២៖ យុវជនជាស្នូលនៃអភិបាលកិច្ចឌីជីថល និងការដឹកនាំតាមបែបវិទ្យាសាស្រ្តនៅក្រុមប្រឹក្សាឃុំ សង្កាត់ និង៣៖ ការត្រៀមយុទ្ធសាស្រ្តនិងបុគ្គលិកលក្ខណៈទាក់ទាញការគាំទ្រតាមរយៈមធ្យោបាយផ្ទាល់ និងឌីជីថល ក្រោមទស្សនៈ «រដ្ឋធ្វើរាស្រ្តដឹង រដ្ឋផ្ដល់រាស្រ្តទទួល»៕
























