សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក (Video inside)
21-11-2026 12:44
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានប្រមាណ ៤ ០០០លានដុល្លារក្នុងមួយឆ្នាំ, កម្ពុជាបានចំណាយលើការនាំចូលជាង ៣ ០០០លានដុល្លារ ហើយប្រសិនបើយើងអាចទាញយកចំណែកត្រឹម ១០ភាគរយ ពីការនាំចូលនេះ ក៏មានទំហំទុនជាង ៣០០លានដុល្លារ ហូរចូលមកគាំទ្រ និងជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កន្លងទៅការនាំចូលមួយចំនួនមកពីប្រទេសថៃ ពិតណាស់ ៤ ០០០លានពាណិជ្ជកម្មប្រចាំឆ្នាំ, ៣ ០០០លានជាងគឺកម្ពុជាចំណាយទៅលើការនាំចូល អញ្ចឹង ៣ ០០០លានជាងនេះ បើយកតែ ១០% នៃ ៣ ០០០លានជាងក្នុងមួយឆ្នាំ យកមកចាក់ចូលនៅក្នុងផលិតផលខ្មែរ ក៏មាន ៣០០លានជាងដែរ ហើយបើ ៣០០លានជាងនេះសម្រាប់ផលិតផលមួយចំនួនគឺធំណាស់»។
ស្របពេលដែលកម្ពុជា ទប់ស្កាត់ការនាំចូលទំនិញពីថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា នេះហើយគឺជាឱកាសសម្រាប់ជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ប៉ុន្តែឱកាសនេះក៏មិនអាចរស់បានដោយសារការខ្វះភាពប្រកួតប្រជែងនោះដែរ, សម្តេចក៏បានបញ្ជាក់ដែរថា ឱកាសនេះក៏វាអាស្រ័យទៅលើគុណភាព និងអាចស្រ័យទៅលើការពង្រឹងទំនុកទុកចិត្តពីអតិថិជនផងដែរ ទោះបីជាយើងមិនធ្វើការប្រកួតប្រជែងជាមួយថៃ ក៏យើងនៅមានប្រទេសជាច្រើនដែលកំពុងធ្វើការលក់ផលិតផលប្រកួតប្រជែងជាមួយយើងផងដែរ។
ជុំវិញការចាប់យកឱកាសដែលកម្ពុជាទប់ស្កាត់ការនាំចូលទំនិញមកពីថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា បើតាមការបញ្ជាក់របស់លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កំណើននៃផលិតផលក្នុងស្រុកមានការកើនឡើង បានន័យថា វិស័យឯកជនបានចាប់យកឱកាសនេះដើម្បីពង្រឹងខ្លួនយើង ស្របពេលដែលប្រជាពលរដ្ឋយើងបែរមកគាំទ្រផលិតផលក្នុងស្រុក ឈប់គាំទ្រផលិតផលរបស់ប្រទេសថៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា ស្របពលនៃការចាប់យកឱកាសពង្រីកនូវផលិតផលក្នុងស្រុកនេះ ក៏ត្រូវធ្វើយ៉ាងណាពង្រឹងគុណភាពឱ្យបានល្អដូចគ្នាដែរ ដើម្បីទាក់ទាញអតិថិជន ដោយសម្តេចបញ្ជាក់ថា ទោះបីផលិតផលមានតម្លៃធូរថ្លៃបន្តិច តែមិនមានគុណភាពល្អនោះ ក៏មិនអាចទាក់ទាញអតិថិជនបាននោះដែរ។
សូមបញ្ជាក់ដែរថា គិតចាប់ពីកម្ពុជា មានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ និងទប់ស្កាត់ការនាំចូលទំនិញពីប្រទេសថៃរួមមាន បន្លែ និងផ្លែឈើ ព្រមទាំង ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ដែលត្រូវបានផ្អាកការនាំចូលទាំងស្រុងតាមបណ្ដាច្រកព្រំដែន។ លើសពីនេះ ដោយសារស្ថានភាពនៃការបិទព្រំដែនគោក រាល់គ្រប់មុខទំនិញទាំងអស់ដែលព្យាយាមលួចនាំចូលឆ្លងកាត់ព្រំដែនគោក ត្រូវចាត់ទុកជាទំនិញរត់ពន្ធខុសច្បាប់ និងត្រូវបានទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះកម្ពុជាក៏បានបន្តសហការត្រួតពិនិត្យ និងទប់ស្កាត់យ៉ាងតឹងរ៉ឹងនូវសារធាតុគីមីផ្សំខុសច្បាប់ ដែលអាចយកទៅកែច្នៃជាគ្រឿងញៀន និងការអនុវត្តបម្រាមលើ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ផងដែរ។
ជាមួយគ្នានោះក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់ ២ ០៨១លានដុល្លារ ថយចុះចំនួន ២៨.៤៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ២ ៩០៩លានដុល្លារអាមេរិកផងដែរ៕



















































