FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ (Video inside)

21-11-2026 12:42

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអ្នកចង់បង្កើតផលិតផល ឬកម្មវិធីអ្វីមួយ ត្រូវហ៊ានចាប់ផ្ដើមធ្វើ ដោយត្រូវដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវកម្មវិធី ឬផលិតផលនោះបណ្ដើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្ដើម ព្រោះការធ្វើបែបនេះ គឺមិនកើតទេ។

សម្ដេចសង្កត់ធ្ងន់ថា បើយើងរង់ចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញ ដោយមិនចេញបណ្ដើរៗ ធ្វើបណ្ដើរៗនោះ យើងនឹងមិនមានផលិតផល ឬកម្មវិធីរបស់ខ្មែរយើងប្រើប្រាស់នោះទេ។

ត្រង់ចំណុចនេះ សម្ដេចបានលើកជាឧទាហរណ៍ជាក់ស្ដែង ការចុះបញ្ជីឈ្មោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដំបូងមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះមានរាប់សែននាក់។ សម្ដេចបញ្ជាក់ថា ការចាប់ផ្ដើមពីសូន្យមករាប់សែននាក់នេះ គឺជាជោគជ័យ ហើយយើងនៅតែបន្តធ្វើតទៅទៀត។ ដូចគ្នានេះដែរ ចំពោះកម្មវិធីដំឡើងអ្វីមួយ មិនបាច់ចាំល្អឥតខ្ចោះទេ ធ្វើសិនទៅ ចាំសួរអ្នកប្រើប្រាស់ បើមិនទាន់ល្អត្រូវកែតម្រូវ។

ការជំរុញបែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងលើកឡើងដូច្នេះថា៖ «យើងចាប់ផ្ដើមពីអ្វីដែលយើងធ្វើបាន ហើយធ្វើសន្សឹមៗទៅ [...] មិនល្អដូចគេ តែចាប់ផ្ដើមពីយើងម្ចាស់ការជាមួយជំហានៗ ទៅថ្ងៃក្រោយយើងនឹងល្អដូចគេហើយ ល្អលើសគេទៀត។ នេះគឺជាអ្វីដែលត្រូវធ្វើ បើរង់ចាំល្អឥតខ្ចោះ ទាល់តែល្អលើសគេបានធ្វើ ដាំចេកទៅ។ បើយើងមិនធ្វើ មិនដើរពីជំហានទីមួយ កុំថាយើងទៅដល់ជំហានទី១០០»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងរបស់ផលិតករក្នុងស្រុក៕