សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញផលិតផលក្នុងស្រុកមានចំណែក ៨០ភាគរយ និងផលិតផលនាំចូល ២០ភាគរយ នៅ ១០ឆ្នាំខាងមុខ
21-11-2026 12:27
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីចក្ខុវិស័យក្នុងការជំរុញផលិតកម្មក្នុងស្រុក ដោយចង់ឃើញផលិតផលដែលផលិតនៅក្នុងប្រទេស មានចំណែករហូតដល់៨០ភាគរយ ខណៈផលិតផលនាំចូលពីក្រៅប្រទេស មានចំណែកត្រឹមតែ២០ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល១០ឆាំ្នខាងមុខ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងវិស័យផលិតកម្ម ពីមុនកម្ពុជាធ្លាប់តែទិញផលិតផលសម្រេច និងគ្រឿងបង្គំពីបរទេស ប៉ុន្តែបច្ចុប្បន្នទោះបីជាផលិតផលមួយចំនួន នៅតែប្រើប្រាស់គ្រឿងបង្គំនាំចូលក៏ដោយ ក៏កម្ពុជាបានចាប់ផ្តើមនាំយកផលិតផលទាំងនោះ មកបន្តកែច្នៃក្នុងស្រុក ដូច្នេះផលិតផលទាំងនោះ អាចចាត់ទុកថា ជាផលិតផលដែលផលិតនៅកម្ពុជា ឬហៅថា «Made in Cambodia»។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា កត្តាមួយទៀតនោះគឺ នៅពេលចាប់ផ្ដើមនាំយកបច្ចេកវិទ្យាមកកាន់ប្រទេសកម្ពុជា ប្រជាជនយើងចាប់ផ្ដើមចេះរៀនជំនាញថ្មីៗ ជាពិសេសជំនាញវិស្វកម្មចំណីអាហារ ដើម្បីអាចមានសមត្ថភាពផលិតផលិតផល ដោយខ្លួនឯងនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ ដូចគ្នាសម្រាប់រាជរដ្ឋាភិបាល គឺជួយគ្រប់ជំហានបែបនេះ ដោយមិនចង់ឱ្យកម្ពុជា ផ្តោតតែលើការបង្កើនការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពផលិតទំនិញក្នុងស្រុក ជាពិសេសផលិតផលចំណីអាហារ ដែលកម្ពុជាមានលទ្ធភាព និងសមត្ថភាពផលិតបានដោយខ្លួនឯង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ជាក់ស្ដែងនៅពេលកម្ពុជាប៉ះជាមួយថៃបន្ដិច ឃើញថា យើងពឹងផ្អែកលើការនាំទំនិញពីក្រៅច្រើន ទាំងនាំពីថៃ និងបណ្ដាប្រទេសផ្សេង។ ដូច្នេះហើយពេលឈានចូលផ្សារទំនើបគឺឃើញថា ឥឡូវនេះមាន២០ភាគរយ ជាផលិតផលខ្មែរ ចំណែកឯ៨០ភាគរយជាផលិតផលនាំពីក្រៅប្រទេសមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចង់ឃើញថាថ្ងៃក្រោយផលិតផល៨០ភាគរយជាផលិតខ្មែរ ផលិតផលក្នុងស្រុក ចំណែកត្រឹមតែ២០ភាគរយប៉ុណ្ណោះ ជាផលិតផលនាំចូលពីក្រៅប្រទេស។ នៅក្រៅប្រទេសពីមុនផលិតផល សឹងតែ១០០ភាគរយ គឺមិនមានផលិតផលខ្មែរសោះឡើយ ប៉ុន្ដែពេលនេះផលិតផលខ្មែរចាប់ផ្ដើមច្រៀតចូលបន្ដិចៗ»។
សម្តេចមហាបវរធិបតីបានបញ្ជាក់បន្ថែមថា ប្រជាជនខ្មែរនៅក្រៅប្រទេស អ៊ំពូមីងដែលបើកហាង ដូចជានៅ កាណាដា អាមេរិក គឺពួកគាត់ចង់បានផលិតផលខ្មែរយកទៅដាក់តាំងលក់។ ជាក់ស្ដែងពេលនេះ មានអង្កររួចហើយដែលមានលក់នៅក្រៅប្រទេស ប៉ុន្ដែថ្ងៃក្រោយគឺចង់មានផលិតផលផ្សេង វត្ថុធាតុដើម ផលិតផលសម្រេចដូចទឹកត្រី ត្រីខ មី ឬមួយផលិតផលនំនែកផ្សេងៗ យើងនាំចេញទៅសម្រាប់ផ្គត់ផ្គង់នៅក្រៅប្រទេសនេះ។ ច្រកសហគមន៍ខ្មែរនៅក្រៅប្រទេសហ្នឹងក៏ជាច្រកសំខាន់ដែរ ដែលយើងមិនអាចចោលបាន៕
ផ្ដើម៩៖២៣៖៣៤ បញ្ចប់៩៖៣០៖៤១ (ម៉ោងក្នុង FB)



















































