FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបិទច្រកព្រំដែនជាមួយថៃ មិនធ្វើឱ្យផលិតកម្ម និងកសិកម្មកម្ពុជាស្លាប់ទេ តែជាឱកាសពង្រឹងខ្លួនឯង និងបង្វែរទីផ្សារបានទាន់ពេល

21-11-2026 12:21

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបិទច្រកព្រំដែនជាមួយថៃ មិនបានធ្វើឱ្យផលិតកម្ម និងវិស័យកសិកម្មរបស់កម្ពុជាដួលរលំ ឬ «ស្លាប់» នោះទេ ខណៈកម្ពុជាបានបង្វែរទីផ្សារទាន់ពេលវេលា និងមានជម្រើសតភ្ជាប់ជាច្រើន ព្រមទាំងចាត់ទុកការលំបាកនេះជាឱកាសមាសក្នុងការពង្រឹងខ្លួនឯង និងជំរុញការច្នៃប្រឌិត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីកសិផល និងផលិតផលក្នុងស្រុក ដូចជា តាង៉ែនប៉ៃលិន និងដំឡូងមី ដែលត្រូវបានបង្វែរទៅកាន់ទីផ្សារប្រទេសចិនទាន់ពេលវេលា ទោះបីមានការគិតទុកពីមុនថា ការបិទច្រកព្រំដែនអាចធ្វើឱ្យសេដ្ឋកិច្ចព្រំដែនរលំក៏ដោយ។ សម្តេចធិបតី បានកត់សម្គាល់ថា ផ្នែកសេវាកម្មអាចរងផលប៉ះពាល់ខ្លះពីការបិទច្រក ប៉ុន្តែផ្នែកផលិតកម្ម និងកសិកម្មនៅព្រំដែនខាងលិច មិនបានបាត់បង់នោះទេ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនុកចិត្តលើកម្ពុជារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាកម្លាំងជំរុញឱ្យសម្រេចបានលទ្ធផលជាក់ស្តែង ដោយកម្ពុជាបានបង្វែរកសិផលដូចជា តាង៉ែនទៅទីផ្សារចិន កំពុងចរចាជាមួយឡាវដើម្បីដឹកជញ្ជូនតាមផ្លូវគោក និងអនុគ្រោះបន្តទៅចិន ព្រមទាំងអាចដឹកជញ្ជូនតាមកំពង់ផែព្រះសីហនុ និងកំពុងជំរុញការអភិវឌ្ឍផែទឹកជ្រៅនៅកោះកុងផងដែរ។ ដោយសារមានជម្រើសតភ្ជាប់ច្រើន សម្តេចធិបតី បញ្ជាក់ថា កម្ពុជាមិនមានតម្រូវការក្នុងការបើកដៃ ឬរង់ចាំនោះឡើយ ទោះបីគេបិទព្រំដែនយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតការលំបាក ឬការបិទច្រក បានជំរុញឱ្យកម្ពុជាងាកមកមើលខ្លួនឯង ពង្រឹងភាពរឹងមាំពីខាងក្នុង និងប្រែក្លាយស្ថានភាពលំបាកឱ្យទៅជាឱកាសមាស ដោយប្រៀបធៀបថា ពេលមានឧបសគ្គ ឬការប្រកួតប្រជែង ការខិតខំប្រឹងប្រែង និងការច្នៃប្រឌិត គឺជាជម្រើសចាំបាច់ ដើម្បីរួមគ្នាឈានទៅមុខ និងទទួលបានភាពជោគជ័យ៕