សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំមន្ត្រីរាជការពេលរៀបចំមង្គលការកូនត្រូវរៀបចំឱ្យត្រឹមត្រូវតាមក្បួនខ្នាតខ្មែរ និងប្រុងប្រយ័ត្នប្រើប្រាស់សម្លៀកំពាក់របស់ប្រទេសជិតខាង (Video inside)
21-11-2026 12:16
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើជាគំរូដ៏ល្អដល់មហាជន ដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតខ្មែរ ជាពិសេសការជ្រើសរើសសម្លៀកបំពាក់ប្រពៃណី ដើម្បីរក្សាការពារអត្តសញ្ញាណជាតិ និងចៀសវាងការច្រឡំប្រើប្រាស់សម្លៀកបំពាក់របស់ប្រទេសជិតខាង។
ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើថ្នាក់លើធ្វើមិនត្រូវតាមក្បួនខ្នាតហើយ តើឱ្យប្រជាជនពាក់យ៉ាងម៉េច? យើងត្រូវចាប់ផ្តើមពីហ្នឹង ការរៀបចំពិធីខួបកំណើត ការរៀបចំពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗ យើងត្រូវមើលស្តងដារសម្លៀកបំពាក់ វប្បធម៌យើងឱ្យត្រូវតាមក្បួនខ្នាតឱ្យច្បាស់លាស់ កុំយករបស់គេ ឬមួយយករបស់មិនច្បាស់លាស់ប្រើ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «បើមិនច្បាស់សួរលោកជំទាវ ភឿង សកុណា ត្រូវធ្វើអ៊ឹចឹង នេះនិយាយឱ្យច្បាស់ ព្រោះកន្លងទៅការកូនមន្ត្រី ពិធីរបស់កូនមន្ត្រីមួយចំនួនពាក់ខុសដែរ។ អ៊ឹចឹងឱ្យច្បាស់ អារឿងយើងពាក់ សំខាន់យើងត្រូវមានមូលដ្ឋានច្បាស់លាស់ ប្រយ័ត្នយើងអត់មូលដ្ឋានច្បាស់លាស់ ដល់គេមកថាស្រាវជ្រាវទៅរបស់គេមែនចប់»។
ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដូច្នេះសូមរួមគ្នាទាំងអស់ ដើម្បីធ្វើយ៉ាងណាប្រើប្រាស់ក្បួនខ្នាតរបស់ខ្មែរ ឱ្យបានត្រឹមត្រូវ។ ការរួមគ្នាបែបនេះ គឺជាការបញ្ជាក់ពីអត្តសញ្ញាណ និងអាចបញ្ជាក់ថានេះជាផលិតផលមួយសម្រាប់ធ្វើពាណិជ្ជកម្មសម្រាប់ច្នៃហូ ផាមួង លក់ចេញទៅក្រៅប្រទេសជាដើម។
សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសសម្លៀកបំពាក់កែច្នៃពីសូត្រ ហូល និងផាមួងខ្មែរ ស្របតាមទស្សនទាន «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងអភិរក្សវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្ស។
ការក្រើនរម្លឹករបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លើការការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិ ព្រមទាំងការជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមលើកស្ទួយស្នាដៃ និងផលិតផលក្នុងស្រុក ប្រកបដោយមោទនភាពជាតិ៕



















































