FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការគាំទ្រផលិតជាតិ លើសពីស្មារតីស្នេហាជាតិ និងជាឱកាសបង្កើតទីផ្សារ ជំរុញលើកទឹកចិត្តផលិតករក្នុងស្រុក (Video inside)

21-11-2026 12:08

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានលើកឡើងថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការ​បង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងរបស់ផលិតករក្នុងស្រុក។

ក្នុងឱកាសអញ្ជើញបើកពិព័រណ៍ផលិតផល ខ្មែរលើកទី៤ ដែលបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត ផលជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ការគាំទ្រនេះក៏ជាការជំរុញលើក​ទឹក​ចិត្ត​ដល់ផលិតករក្នុងស្រុក ឲ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឲ្យបានច្រើន និងពុះពារឈរ​ជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការ​បង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឲ្យមានឱកាសទីផ្សារដំបូង និងការជំរុញលើក​ទឹក​ចិត្ត​ដល់ផលិតករក្នុងស្រុក ឲ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឲ្យបានច្រើន និងពុះពារឈរ​ជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឲ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើប ជាកត្តាជំរុញឲ្យមានការគាំទ្រ និងជ្រើសរើសប្រើប្រាស់ជាប្រចាំ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការពង្រឹងផលិតកម្មក្នុងស្រុក ត្រូវដើរទន្ទឹមគ្នានឹងការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីឲ្យរោងចក្រ-សហគ្រាសកម្ពុជា អាចអភិវឌ្ឍន៍ខ្លួនជាប្រចាំសម្ដៅចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល។

ក្នុងបរិបទពហុវិបត្តិ ស​ម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រឹងផលិតកម្ម ក្នុងស្រុក គឺស្មើគ្នានឹងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិ ដោយត្រូវផ្តោតលើសមត្ថភាពផលិតទំនិញ និងផ្តល់សេវាសម្រាប់បំពេញតម្រូវការក្នុងស្រុកឲ្យបានច្រើន ព្រមទាំងផលិតផលដែលកម្ពុជាមានឧត្តម ភាព ប្រកួតប្រជែង៕