សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ដល់មន្ត្រីឱ្យយល់ដឹងច្បាស់ ពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ជៀសវាងការប្រើប្រាស់ច្រឡំ ជាមួយរបស់គេ (Video inside)

21-11-2026 12:07

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រាប់ទៅមន្ត្រីរដ្ឋាភិបាលទាំងអស់ ប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក និងទៅប្រើរបស់គេ។

ការប្រាប់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រយ័ត្នទៅកម្មវិធីមួយ គេឲ្យពាក់ខោអាវប្រពៃណីជាតិយើង ប្រយ័ត្នយើងអត់ដឹងពាក់អ្វីត្រូវ ប្រយ័ត្នមន្ដ្រីរបស់យើង ចេញទៅក្រៅប្រទេស ពាក់ខុសណា ប្រយ័ត្នដល់វេទិកាអន្ដរជាតិ គេឲ្យពាវប្រពៃណីជាតិ ទៅយកអាវអ្នកផ្សេងមកពាក់»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៀតថា ត្រូវតែយល់ដឹងទាំងអស់គ្នា និងត្រូវប្រយ័ត្នទាំងអស់គ្នា ជៀសវាងប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរខុស ជាពិសេសចំពោះមន្ដ្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ ដោយឡែកប្រជាពលរដ្ឋខុសជារឿងមួយ តែមន្ដ្រីពាក់ខុស នៅក្នុងវេទិកាអន្ដរជាតិ គឺបញ្ហាធំ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅកូនមន្ត្រីរាជការ កូនអ្នកធំ ពេលរៀបចំមង្គលការ រៀបចំឱ្យត្រឹមត្រូវតាមក្បួនខ្មែរ ការស្លៀកពាក់ឱ្យត្រឹមត្រូវតាមក្បួនខ្មែរ ប្រយ័ត្នស្លៀករបស់គេផងដែរ៕