សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការគាំទ្រផលិតផលខ្មែរ ជាការពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើតឱកាសទីផ្សារ មិនមែនត្រឹមតែជាការពហិការផលិតផលប្រទេសដទៃនោះទេ (Video inside)
21-11-2026 12:01
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការគាំទ្រផលិតផលខ្មែរ មិនមែនគ្រាន់តែជាការបង្ហាញស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱកាសទីផ្សារ និងជំរុញទឹកចិត្តដល់ផលិតករក្នុងស្រុក ឲ្យបង្កើនការវិនិយោគ ពង្រីកការផលិត និងពង្រឹងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
ក្នុងឱកាសអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគាំទ្រផលិតផលជាតិដោយក្តីស្រឡាញ់ និងមោទនភាព ដើម្បីរួមចំណែកពង្រឹងផលិតកម្មក្នុងស្រុក ដោយមិនត្រូវយកការពហិការផលិតផលពីប្រទេសណាមួយធ្វើជាមូលហេតុនៃការគាំទ្រផលិតផលខ្មែរឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរយៈពេលពីរឆ្នាំនេះ យើងបានដំណើរការច្រើន ការចុះបញ្ជីក៏កើនឡើងនូវផលិតផលក្នុងស្រុក ហើយក៏អរគុណទៅដល់ប្រជាពលរដ្ឋកម្ពុជារបស់យើងដែលគាំទ្រទៅដល់ផលិតផលក្នុងស្រុក។ វាខុសគ្នាពីការពហិការ […] ខុសគ្នាសូមកុំយកការពហិការ ដើម្បីជាការមកឧបត្ថម្ភក្នុងស្រុក។
បើតាមប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, ការគាំទ្រផលិតផលក្នុងស្រុក និងការធ្វើពហិការផលិតផលប្រទេសដទៃ គឺជារឿងពីរខុសគ្នា។ ដូច្នេះ ប្រជាពលរដ្ឋគួរគាំទ្រផលិតផលខ្មែរដោយសារតែស្រឡាញ់ និងចង់ឃើញសេដ្ឋកិច្ចជាតិមានការរីកចម្រើន មិនមែនដោយសារតែចង់ប្រឆាំងនឹងផលិតផលរបស់ប្រទេសណាមួយនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ដែលបានចូលរួមគាំទ្រ និងអភិវឌ្ឍផលិតផលក្នុងស្រុក ក្នុងរយៈពេលកន្លងមក ដែលជាកត្តាជួយឱ្យការចុះបញ្ជីផលិតផលជាតិមានការកើនឡើង និងបង្ហាញពីការរីកចម្រើននៃសមត្ថភាពផលិតក្នុងស្រុក។
ជាមួយគ្នានេះ សម្តេចបានលើកឡើងពីតួនាទីសំខាន់របស់ភាគីទាំង៣ ក្នុងការជំរុញផលិតកម្មជាតិ រួមមាន រាជរដ្ឋាភិបាលត្រូវបន្តបង្កើតលក្ខខណ្ឌអំណោយផល និងសម្រួលដល់ការផលិត វិស័យឯកជនត្រូវខិតខំពង្រឹងសមត្ថភាព និងគុណភាពផលិតផល ខណៈប្រជាពលរដ្ឋត្រូវចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកប្រកបដោយចីរភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាត្រូវខិតខំឈានទៅរកភាពម្ចាស់ការលើការផលិត ដោយចាប់ផ្តើមពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងគ្រឿងសង្ហារឹមសម្រាប់គេហដ្ឋាន និងការិយាល័យ ជាជាងផ្តោតតែលើការផលិតទំនិញឧស្សាហកម្មធុនធំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមផងដែរថា នៅថ្ងៃអនាគត ផលិតផលខ្មែរនឹងមានចំណែកកាន់តែធំនៅលើទីផ្សារក្នុងស្រុក និងអាចពង្រីកវត្តមានទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន។ ការមើលឃើញផលិតផលដែលមានស្លាក «Made in Cambodia» នៅលើទីផ្សារបរទេស គឺជាមោទនភាព និងជាសញ្ញាបង្ហាញពីការរីកចម្រើននៃសមត្ថភាពផលិតរបស់កម្ពុជា៕



















































