ក្រសួងបរិស្ថាន តម្រូវឱ្យសិប្បកម្មសម្ងួត និងកែច្នៃកាកស្រាបៀរមួយកន្លែង នៅខេត្តកំពង់ស្ពឺ ពន្លឿនការអនុវត្តច្បាប់ដើម្បីធានាភាពស្អាតចេញពីទីតាំងរបស់ខ្លួន
21-11-2026 07:31
(កំពង់ស្ពឺ)៖ លោក ជោ ថុល អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែង បន្ទាប់មានសារព័ត៌មានរាយការណ៍ករណី សិប្បកម្មសម្ងួតនិងកែច្នៃកាកស្រាបៀរ ទីតាំងស្ថិតនៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបញ្ចេញក្លិនប៉ះពាល់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់សិប្បកម្ម។
ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញ្ជាកែប្រែនាពេលកន្លងទៅ និងស្របតាមក្រមបរិស្ថាន និងធនធាន ក្រុមការងារបានតម្រូវឱ្យសិប្បកម្មខាងលើបន្តអនុវត្តច្បាប់ ដោយក្នុងនោះ សិប្បកម្មត្រូវគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ និងត្រូវរកក្រុមហ៊ុនដែលមាមានលិខិតអនុញ្ញាតទទួលស្គាល់ដឹកសំណល់ពីក្រសួងបរិស្ថាន។
ជាមួយគ្នានេះ សិប្បកម្មត្រូវរៀបចំស្រះស្តុកទឹក ដែលជ្រាបពីការស្រាបៀរឱ្យបានត្រឹមត្រូវ ជៀសវាកុំឱ្យហូចេញទៅក្រៅទីតាំងសិប្បកម្ម។ លើសពីនេះ សិប្បកម្មត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង និងក្លិនឱ្យបានល្អ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ក្រុមការងារបានជំរុញឱ្យសិប្បកម្ម ពន្លឿនកាអនុវត្តសេចក្តីសម្រេចរបស់ក្រសួងស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ឲ្យបានចប់សព្វគ្រប់ជាធរមាន៕








