លោក ឈួរ សុបញ្ញា៖ ការសិក្សាភាសាបាលី-សំស្ក្រឹត មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីគោលធម៌ព្រះពុទ្ធសាសនា
20-11-2026 21:58
(កំពង់ស្ពឺ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានលើកឡើងថា បានលើកឡើងថា ការសិក្សាភាសាបាលី-សំស្ក្រឹត មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីគោលធម៌ព្រះពុទ្ធសាសនា។
លោកថ្លែងបែបនេះ នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសលោករួមជាមួយព្រះមុនីសត្ថាចារ្យ កោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរចំពោះសមណសិស្សព្រះនាម សុធានី សីហសូនូ ដែលទទួលបានជ័យលាភីលេខ៣ ទូទាំងប្រទេស ក្នុងការប្រឡងសមណសិស្សពូកែផ្នែកភាសាបាលី-សំស្ក្រឹត កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដែលបានប្រព្រឹត្តទៅនៅសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន ស្ថិតក្នុងបរិវេណវត្តមុនីរង្សីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកបាននាំយកនូវការថ្វាយបង្គំសួរសុខទុក្ខ និងសេចក្តីនឹករលឹកប្រកបដោយការគោរពដ៏ជ្រាលជ្រៅពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជូនចំពោះព្រះករុណាព្រះមេគណ ព្រះអនុគណ ព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះគ្រូអាចារ្យទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ជាពិសេសចំពោះសមណសិស្សជ័យលាភី ដើម្បីជាការលើកទឹកចិត្តចំពោះវិស័យព្រះពុទ្ធសាសនា និងការអប់រំផ្នែកពុទ្ធិកសិក្សា។
លោក ឈួរ សុបញ្ញា ថ្លែងក្នុងពិធីនោះថា ជ័យលាភីនេះ គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ ការតស៊ូព្យាយាម និងការប្តេជ្ញាចិត្តរបស់សមណសិស្ស ព្រមទាំងការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់ព្រះគ្រូ និងគ្រូបង្រៀន ការគាំទ្រពីគណៈគ្រប់គ្រងសាលា និងការលើកទឹកចិត្តពីសំណាក់អាណាព្យាបាល និងសហគមន៍។
លោកថា ការសិក្សាភាសាបាលី-សំស្ក្រឹត មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីគោលធម៌ព្រះពុទ្ធសាសនា ការបន្តវេនចំណេះដឹងផ្នែកពុទ្ធសាសនា និងការថែរក្សាអក្សរសាស្ត្រ វប្បធម៌ និងមរតកបញ្ញារបស់ជាតិ។ ជាពិសេស ការលើកទឹកចិត្តដល់សមណសិស្សដែលមានសមត្ថភាពពូកែ គឺជាការរួមចំណែកបណ្តុះធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា និងអប់រំឱ្យកាន់តែមានគុណភាព។
ក្នុងឱកាសនេះ លោកសូមចូលរួមអបអរសាទរចំពោះសមណសិស្សដែលទទួលបានជ័យលាភី ព្រមទាំងសូមកោតសរសើរចំពោះព្រះគ្រូ គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា ដែលបានខិតខំចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពសមណសិស្ស។ សូមជូនពរឱ្យសមណសិស្សបន្តខិតខំរៀនសូត្រ សន្សំចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីក្លាយជាធនធានបញ្ញវន្តពុទ្ធសាសនាដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិនាពេលអនាគត៕




















