វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
20-11-2026 20:40
(វ៉ាស៊ីនតោន)៖ មានស្នាមញញឹម និងការចាប់ដៃ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន បានជួបគ្នាក្នុងទីក្រុង Shenzhen ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់ជំនួបត្រីភាគីដ៏កម្រមួយដើម្បីពិភាក្សាពីបញ្ហាសន្តិសុខពិភពលោក។ «យើងកំពុងបង្កើតប្រវត្តិសាស្ត្រ»។ នេះជាការប្រកាសរបស់លោក ដូណាល់ ត្រាំ។ កិច្ចប្រជុំកំពូលត្រីភាគីនេះបានបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសមហាអំណាចមធ្យម ពោលគឺសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់អាមេរិកមានមួយចំនួននៅស្ងៀម និងខ្លះទៀតបានបង្ហាញក្ដីកង្វល់ជាសាធារណៈអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសម្ងាត់ណាមួយអាចនាំទៅរកការពុះពិភពលោកចែកគ្នាគ្រប់គ្រង។
ក៏ប៉ុន្តែ ស្ថានភាពពិតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី មានការខ្វែងគំនិតគ្នាខ្លាំងជាងផ្ទាំងទស្សនីយភាពការទូត និងការលើកឡើងពីសន្និសីទ Yalta ទី២ ទៅទៀត។ បើទោះជាការទូតហាក់មានវឌ្ឍនភាពទៅមុខក៏ដោយ ក៏សហរដ្ឋអាមេរិក និងគូសត្រូវភូមិសាស្ត្រនយោបាយរបស់ខ្លួនបាន និងកំពុងប្រយុទ្ធគ្នាក្នុងសង្រ្គាមខ្ចីដៃ ឬ proxy wars ផ្ទុះឡើងនៅជុំវិញពិភពលោក។
សង្រ្គាមខ្ចីដៃ ឬ proxy wars ជារបៀបមួយដែលពួកមហាអំណាចខ្ចីដៃប្រទេសដទៃ ដើម្បីប្រយុទ្ធជាមួយសត្រូវរបស់ពួកគេដោយមិនចាំបាច់ធ្វើអន្តរាគមន៍ ឬចូលរួមដោយផ្ទាល់។ ជាធម្មតា proxy wars មានទម្រង់ជាសង្រ្គាមរ៉ុំារៃដោយប្រយោល ដោយក្នុងនោះប្រទេសមួយខ្ចីដៃប្រទេសមួយផ្សេងទៀតឱ្យប្រយុទ្ធជាមួយសត្រូវរបស់ខ្លួនទាំងបើកចំហ ឬជាសម្ងាត់ តាមរយៈការផ្ដល់កាំភ្លើង លុយ ឬមធ្យោបាយជាច្រើនផ្សេងទៀតដែលត្រូវការជាចាំបាច់ក្នុងការធ្វើឱ្យសត្រូវចុះខ្សោយ។ អំឡុងសង្រ្គាមត្រជាក់ សង្រ្គាមខ្ចីដៃបានក្លាយជាជម្រើសដ៏ពេញនិយមមួយ ខណៈសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតព្យាយាមកម្ចាត់ឥទ្ធិពលគូប្រជែងរបស់ខ្លួនរៀងៗខ្លួន ជាមួយការចៀសវាងការធ្វើសង្រ្គាមដោយផ្ទាល់នឹងគ្នា។ សូវៀតបានខ្ចីដៃវៀតណាមខាងជើង ដើម្បីបន្សាបឥទ្ធិពលអាមេរិកតាមរយៈការផ្ដល់ឱ្យវៀតណាមខាងជើងនូវមីស៊ីលប្រឆាំងនឹង យន្ដហោះចម្បាំង និងជំនួយយោធាផ្សេងទៀត។
ជាការសងសឹក នៅទសវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់ចលនាតស៊ូក្នុងប្រទេសអាហ្វហ្កានីស្ថានដើម្បីវាយបណ្ដាញកងទ័ពសូវៀត។ គោលនយោបាយ Reagan Doctrine ដែលបានសន្យាផ្ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកទៅដល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្ត ធ្លាប់ជាគោលនយោបាយមួយមានគោលដៅបន្សាបឥទ្ធិពលកុម្មុយនិស្តតាមរយៈសង្រ្គាមខ្ចីដៃនៅលើសមរភូមិជាច្រើនដូចជា នៅអាហ្វហ្កានីស្ថាន នីការ៉ាហ្កា និងអង់ហ្គោឡាជាដើម។ សព្វថ្ងៃ លោក ត្រាំបានបង្ហាញពីចំណាប់អារម្មណ៍រឹតចំណងមិត្តភាពជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន។ មេដឹកនាំអាមេរិក និងចិនបានបង្ហើបឱ្យដឹងពីគោលបំណងចង់កសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងមានស្ថិរភាព។ ប៉ុន្តែនៅពីក្រោយផ្ទាំងទស្សនីយភាពការទូត «យុគសម័យថ្មីមួយនៃសង្រ្គាមខ្ចីដៃបានកើតឡើងរួចទៅហើយ»។
ជាក់ស្ដែង សង្រ្គាមអ៊ុយក្រែននៅតែជាសមរភូមិដ៏សំខាន់មួយ។ ក្រោយរុស្ស៉ីធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានបញ្ជូនអាវុធ លុយ និងព័ត៌មានស៊ើបការណ៍សម្ងាត់ទៅឱ្យអ៊ុយក្រែនដើម្បីធ្វើសង្រ្គាមទល់នឹងរុស្ស៉ី ហើយចាប់យកឱកាសមាសដើម្បីធ្វើឱ្យយោធារុស្ស៉ីចុះខ្សោយ។ «យើងចង់ឃើញរុស្ស៉ីចុះខ្សោយ»។ នេះការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។
ការគាំទ្រទាំងនោះបានជួយកងកម្លាំងអ៊ុយក្រែនសម្លាប់ទាហានរុស្ស៉ី ហើយក៏បានជួយឱ្យអ៊ុយក្រែនមានសមត្ថភាពវាយប្រហារដោយប្រើដ្រូន និងមីស៊ីលលើគោលដៅក្នុងទឹកដីរុស្ស៉ីផងដែរ។ សង្រ្គាមខ្ចីដៃបាន និងកំពុងបន្តប្រព្រឹត្តទៅនៅក្រោមអាណត្តិរបស់លោក ត្រាំ បើទោះជាលោកសង្ឃឹមថាអាចបញ្ចប់សង្រ្គាមអ៊ុយក្រែនបានក៏ដោយ។ សេចក្ដីរាយការណ៍ពីការរឹតត្បិតលើការប្រើប្រាស់បណ្ដាញផ្កាយរណប Starlink និងការផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់បានបង្ហាញរួចទៅហើយថាតើជំនួយពីសហរដ្ឋអាមេរិកមានសារៈសំខាន់ដល់កម្រិតណាចំពោះអ៊ុយក្រែន។
រុស្ស៉ីបានពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រពីចិន អ៉ីរ៉ង់ និងកូរ៉េខាងជើង ដែលសុទ្ធសឹងមានការព្រួយបារម្ភថាបរាជ័យណាមួយរបស់រុស្ស៉ីអាចនឹងកាន់តែធ្វើឱ្យឥទ្ធិពលអាមេរិក និងលោកខាងលិចកើនឡើងរឹតតែខ្លាំង។ សង្រ្គាមនៅអ៊ុយក្រែនត្រូវបានក្រុមអ្នកវិភាគមួយចំនួនហៅថាជាសង្រ្គាមខ្ចីដៃរវាងសហរដ្ឋអាមេរិក និងប្លុកលោកខាងលិចជាមួយរុស្ស៉ី ហើយឥលូវសង្រ្គាមអ៉ីរ៉ង់បាន និងកំពុងផ្ដល់ឱកាសឱ្យចិន និងរុស្ស៉ី ដើម្បីបន្សាបឥទ្ធិពលអាមេរិកវិញម្ដង។ រុស្ស៉ីត្រូវបានរាយការណ៍ថាបានផ្ដល់ឱ្យក្រុមហ៊ូទីនៅយេម៉ែននូវព័ត៌មានដើម្បីកំណត់គោលដៅវាយប្រហារ រួមទាំងជំនួយជាច្រើនផ្សេងទៀត ខណៈចិនវិញត្រូវបានរាយការណ៍ថាបានក្លាយជាអ្នកផ្គត់ផ្គង់យោធាមួយសម្រាប់ក្រុមហ៊ូទី ស្របពេលទាំងមូស្គូ និងប៉េកាំងក៏បានជួយអ៉ីរ៉ង់ផងដែរ។
ចិន និងរុស្ស៉ីសុទ្ធតែកំពុងសម្លឹងឃើញផលប្រយោជន៍ដែលកើតចេញពីសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។ សង្រ្គាមជាមួយអ៉ីរ៉ង់បានបង្ខំឱ្យសហរដ្ឋអាមេរិកបង្វែរគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនេះបានបង្កការរំខានដល់ការផ្គត់ផ្គង់គ្រាប់មីស៊ីលដ៏ទំនើបមួយនេះទៅឱ្យអ៊ុយក្រែន។ សង្រ្គាមអ៉ីរ៉ង់ក៏បានបង្ខំឱ្យសហរដ្ឋអាមេរិកបញ្ជូនសពា្វវុធសំខាន់ៗមួយចំនួនចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅកាន់មជ្ឈិមបូព៌ាផងដែរ។ ក្រុមអ្នកវិភាគខ្លះយល់ថាការជាប់ផុងក្នុងសង្រ្គាមអ៉ីរ៉ង់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។
លើសពីនេះទៅទៀត វាក៏មានដែរឱកាសដែលទីក្រុងវ៉ាស៊ីនតោន និងសត្រូវរបស់ខ្លួន អាចនឹងគាំទ្រដល់ភាគីសង្រ្គាមម្ខាងៗនៅក្នុងជម្លោះ ឬសង្រ្គាមស៊ីវិលមួយចំនួនដូចជានៅតំបន់អាហ្វ្រិក។ តួយ៉ាង ការវាយប្រយុទ្ធគ្នានៅអេត្យូពី និងសង្រ្គាមនៅស៊ូដង់មានការលូកដៃពីតួអង្គខាងក្រៅរួចទៅហើយ។ សហរដ្ឋអាមេរិក និងរុស្ស៉ីបានប្រជែងគ្នាដើម្បីអាចចូលប្រើ ឬអាចដាក់មូលដ្ឋានទ័ពក្នុងប្រទេសនីហ្សេ រីឯទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែមានមូលដ្ឋានទ័ពក្នុងប្រទេសជីប៊ូទី។ ក្រុមអ្នករៀបចំយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកមានពេលខ្លះបានចោទសួរថាតើអាចមានទេលទ្ធភាពប្រែក្លាយការកើនឡើងឥទ្ធិពលចិន ទៅជាបញ្ហាមួយសម្រាប់ចិន។
ដូច្នេះនៅពីក្រោយផ្ទាំងទស្សនីភាពការទូត ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតែបន្តឡើងកម្ដៅ ហើយសង្រ្គាមខ្ចីដៃបានក្លាយជាអាវុធមួយដែលពួកមហាអំណាចបានជ្រើសរើសយកមកប្រើសាជាថ្មី៕



