រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំលើកទី៣៣ នៃក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងកិច្ចប្រជុំក្រុមពិគ្រោះយោបល់ដៃគូអភិវឌ្ឍន៍លើកទី៣១ នៅប្រទេសវៀតណាម
20-11-2026 19:54
(វៀតណាម)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣៣ នៃក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងកិច្ចប្រជុំរួមជាមួយក្រុមពិគ្រោះយោបល់ដៃគូអភិវឌ្ឍន៍លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានបង្ហាញពីការបារម្ភចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពទន្លេមេគង្គ ដូចជា ការឡើងកម្ដៅ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងគុណភាពទឹកជាដើម។ លើសពីនេះ ការផ្លាស់ប្ដូរលំហូរទឹក កំណកដីល្បាប់ និងប្រព័ន្ធអេកូឡូស៊ី ក៏កំពុងបង្កើនសម្ពាធលើទន្លេផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា សុខភាពរបស់ទន្លេមេគង្គមិនអាចបំបែកចេញពីអនាគតរបស់បឹងទន្លេសាបបានឡើយ ជាពិសេសលំហូរទឹកត្រឡប់ចូលបឹងទន្លេសាបតាមធម្មជាតិ ជួយទ្រទ្រង់ដល់វិស័យកសិកម្ម ជីវៈចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តបង្កើនប្រសិទ្ធភាព និងសមត្ថភាពបន្ថែមទៀតរបស់គណៈកម្មការទន្លេមេគង្គ និងលេខាធិការដ្ឋាន ដើម្បីបម្រើដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធផល សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាព ជួយដល់ប្រទេសជាសមាជិកក្នុងការកាត់បន្ថយ និងដោះស្រាយហានិភ័យ ឬផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ដូចជាហានិភ័យឆ្លងដែនផ្សេងទៀតទាក់ទងនឹងគុណភាពទឹក ឱ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងកម្រិតអាងទន្លេទាំងមូល និងក្នុងកម្រិតប្រទេសនីមួយៗ។
ក្នុងនាមជាប្រទេសសមាជិកមួយ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀត ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូសហការនានា ដើម្បីការពារទន្លេមេគង្គឱ្យមាននិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងអាស្រ័យលើទន្លេនេះ៕


















