កម្ពុជា អរគុណបែលហ្ស៊ិក ដែលគាំទ្រដំណោះស្រាយព្រំដែនដោយសន្តិវិធី ខណៈប្រធានសភាវ៉ាឡូនី-ព្រុចសែល ជូនពរជនភៀសសឹកឆាប់បានវិលត្រឡប់ទៅផ្ទះវិញ
20-11-2026 18:09
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណចំពោះប្រទេសបែលហ្ស៊ិក ដែលបានគាំទ្រអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ខណៈលោក បឺន័រត៍ ឌីសប៉ា ប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល បានជូនពរឱ្យជនភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងបានឆាប់រហ័ស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក បឺន័រត៍ ឌីសប៉ា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគោលជំហររបស់ប្រទេសបែលហ្ស៊ិក ក្នុងការគាំទ្រអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងដំណោះស្រាយព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ ជាការឆ្លើយតប លោកប្រធានសភា បានកោតសរសើរកម្ពុជាដែលបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោកបានជូនពរឱ្យជនភៀសសឹកកម្ពុជាឆាប់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញប្រកបដោយសុវត្ថិភាព។
ក្រៅពីបញ្ហាព្រំដែន និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធវ៉ាឡូនី-ព្រុចសែល ក៏ដូចជាបែលហ្ស៊ិកជារួម។ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការពង្រឹង និងពង្រីកភាពជាដៃគូបន្ថែមទៀតលើវិស័យវប្បធម៌ អប់រំ ឧត្តមសិក្សា ការស្រាវជ្រាវ និងការបណ្តុះបណ្តាល ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសហគមន៍និយាយភាសាបារាំងនៃប្រទេសបែលហ្ស៊ិក និងស្ថាប័នអប់រំកម្ពុជា។
ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការបន្តពង្រឹងទំនាក់ទំនងការទូត និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត៕




