FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ទិត សុធា ចុះចែកកូនឈើចំនួន ១២ ០០០ដើម ជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ

20-11-2026 17:01

(កំពង់ធំ)៖ លោក ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយថ្នាក់ដឹកនាំជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានចុះដាំនិងចែកជូនកូនឈើចម្រុះ និងឈើហូបផ្លែចំនួន ១២ ០០០ ដើម ដែលជាការជួយឧបត្ថម្ភពីសាខាសមាគមសិស្ស-និស្សិតបញ្ញាវ័ន្តក្មេងវត្តខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកបណ្ឌិត ហាន បូរិន រួមទាំងក្រុមហ៊ុន និងដៃគូផ្ដល់ជំនួយឧបត្ថម្ភមួយចំនួនទៀត។

ពិធីចែកកូនឈើចំនួន ១២ ០០០ដើមនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីរដ្ឋបាលនិងក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំនិងប្រជាពលរដ្ឋចូលរួមមកពីបណ្ដាឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ សរុបប្រមាណ ៥០០នាក់។

លោក ទិត សុធា និងក្រុមការងារ រួមទងម្ចាស់ជំនួយឧបត្ថម្ភ បានចូលរួមដាំដើមឈើជានិម្មិតរូប នៅដងផ្លូវសាធារណៈក្នុងភូមិព្រៃព្រាល "ក" ឃុំត្រពាំងឬស្សី ដោយមានប្អូនៗសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ មុននឹងចាប់ផ្ដើមប្រាព្ធកម្មវិធីនៅរដ្ឋបាលស្រុកកំពង់ស្វាយ។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទទួលយកនូវកូនឈើចម្រុះ និងឈើហូបផ្លែទៅដាំ គឺជាសកម្មភាពនៃកិច្ចសហការរវាងក្រុមការងារនិងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងន័យ «រួមគ្នាដាំដើមឈើដើម្បីគាំទ្រទាំងផ្នែកបរិស្ថានល្អ សេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងសង្គម»។

លោក ទិត សុធា បានបន្តថា សកម្មភាពនៃការដាំដើមឈើ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាបង្កើនគម្របបៃតង ការពារបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមគិតគូរទាំងអស់គ្នា ដើម្បីយកកូនឈើទាំងនេះ ទៅដាំនៅតាមលំនៅដ្ឋាន ទីវត្តអារាម សាលារៀន ទីធ្លាសាធារណៈ ឬតាមដងផ្លូវនានា ក្នុងស្មារតីស្រលាញ់ព្រៃឈើ និងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនសោភ័ណភាពនៅក្នុងភូមិ-ឃុំ ក្នុងន័យរួមគ្នាដើម្បីបរិស្ថានស្អាត និងស្រស់បំព្រង។

ឆ្លៀតក្នុងឱកាសនេះ លោក ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានរំឮកបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញនូវទិសដៅក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត គឺបានប្រែក្លាយខេត្តកំពង់ធំ មិនឱ្យនៅជាខេត្តដែលគេទៅហួស មកហួស ទៀតនោះទេ ដោយបច្ចុប្បន្នខេត្តកំពង់ធំ មានការប្រែមុខមាត់ និងភាពរីកចម្រើនកាន់តែប្រសើរឡើង ទាំងហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគ រួមទាំងឱកាសការងារល្អៗជាច្រើន គឺជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ប្រធានក្រុមការងារ បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋដែលចូលរួមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ​ និងចក្ខុវិស័យដ៏ច្បាស់លាស់ ក្នុងការបម្រើប្រជាជន និងរក្សានូវលំនឹងសេដ្ឋកិច្ច។ បើទោះបីជាក្រុមប្រឆាំងមួយចំនួនបានរិះគន់ វាយប្រហារ និងមួលបង្កាច់ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែលោកបានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នជាតិ បានប្រកាន់យកគោលជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ក្នុងកិច្ចការងារការទូតលើឆាកអន្តរជាតិ និងបានលាតត្រដាងនូវអំពើឈ្លានពានរបស់យោធាថៃលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដោយប្រកាន់យកគោលការណ៍ដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហា។

ការប្រឹងប្រែងទាំងនេះត្រូវបានដឹងឭ និងមានការគាំទ្រយ៉ាងពេញទំហឹងជាថ្មីទៀតតាមរយៈការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ និងវត្តមានចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅឯកិច្ចប្រជុំកំពូលអាស៊ាន នៅឯប្រទេសហ្វីលីពីនកាលពីពេលថ្មីៗ។

កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ លោក ទិត សុធា មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងផ្ដល់សុភវិនិច្ឆ័យ ហើយនឹងបន្តគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ៕