ឧកញ៉ា ស គីណាល់ ក្លាយជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧
20-11-2026 16:44
(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានប្រកាសជាផ្លូវការនូវការចូលកាន់តំណែងរបស់ឧកញ៉ា ស គីណាល់ ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ ដើម្បីបន្តបេសកកម្មដឹកនាំ ពង្រឹង និងពង្រីកវិសាលភាព ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែរឹងមាំ។
ពិធីប្រកាសជាផ្លូវការនៃប្រធានសមាគមអាណត្តិថ្មីនេះ បានប្រារព្ធឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចូលរួមពី ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកា និងសហគ្រិនសរុបជាង៣០០នាក់។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង កម្ពុជាអាណត្តិទី៦ បានបង្ហាញពីការប្តេជ្ញាចិត្ត បន្តគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំថ្មី និងសមាគម ដោយបានគូសបញ្ជាក់ថា ទោះបីជាបញ្ចប់អាណត្តិដឹកនាំក៏ដោយ ក៏កម្លាំងចិត្ត និងស្មារតីនៃការគាំទ្រគ្នាពីជំនាន់មួយទៅជំនាន់មួយនឹងនៅតែបន្តជានិច្ច ព្រោះនេះជាដួងព្រលឹងនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោកបានបន្ថែមថា អតីតប្រធានគ្រប់អាណត្តិ សមាជិកស្ថាបនិក ព្រឹទ្ធសមាជិក និងសមាជិកទាំងអស់ នឹងបន្តរួបរួមគ្នាដោយឆន្ទៈមោះមុត ដើម្បីជ្រោមជ្រែងអាណត្តិថ្មី និងចូលរួមបណ្តុះបណ្តាលសហគ្រិនជំនាន់ក្រោយ ឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់អនាគតប្រទេសកម្ពុជា។
ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការដឹកនាំ និងអំពាវនាវរកការរួមចំណែកពីគ្រប់ភាគី។
ឧកញ៉ា ស គីណាល់ បានឲ្យដឹងថា «ការទទួលតំណែងនេះ គឺជាកិត្តិយសផង និងជាអំរែកដ៏ធ្ងន់ និងជាការទទួលខុសត្រូវដ៏ធំធេង ព្រោះត្រូវមានភារកិច្ច ក្នុងការប្រមូលផ្តុំមូលធនមនុស្ស និងបំផុសស្មារតីលះបង់ និងការរួមគ្នាធ្វើសកម្មភាពបណ្តុះអ្នកដឹកនាំធុរកិច្ចឆ្នើម ដែលជាសសរស្តម្ភ នៃសេដ្ឋកិច្ចជាតិ និងសកម្មភាពផ្សេងៗទៀត ដើម្បីបន្សល់ទុកនូវស្នាដៃ និងឥទ្ធិពលវិជ្ជមានជូនសមាគម និងសង្គមជាតិ ចំពោះភាពរីកចម្រើនរបស់សមាគម មិនអាស្រ័យលើប្រធានតែម្នាក់ឯងនោះឡើយ ពោលគឺយើងត្រូវ រួមគ្នាធ្វើ រួមគ្នាកែលម្អ រួមគ្នាទទួលខុសត្រូវ និងរួមគ្នារីកចម្រើន»។
ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះឧកញ៉ា ស គីណាល់ ដែលត្រូវបានជ្រើសរើស ជាប្រធានសមាគមអាណត្តិថ្មី ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សហគ្រិនវ័យក្មេងកម្ពុជា។
ឧបនាយករដ្ឋមន្រី្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ដែលបានរួមគ្នារៀបចំទិវា សហគ្រិនភាពកម្ពុជា ដោយជោគជ័យជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ ដែលជាឆ្នាំដំបូង រហូតមកដល់ពេលនេះ។
ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ធុរកិច្ចថ្មី (Startup) ព្រមទាំងបង្កើត អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មផងដែរ។
ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលយុវជនបន្តវេន និងចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន និងចីរភាព។
សូមបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ សមាគមនេះជាសមាគមធុរកិច្ចមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់អំណាច ដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី តាមរយៈការបង្កើតវេទិកា ការចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកចំណេះដឹង និងការបង្កើតឱកាសអាជីវកម្ម ដើម្បីបង្កើនផលិតភាព បង្កើតការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងសមត្ថភាពអ្នកជំនាន់ក្រោយ។
សមាគមមានផែនការយុទ្ធសាស្ត្រ៥ឆ្នាំ យ៉ាងច្បាស់លាស់ និងបានរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីត្រៀមខ្លួនធ្វើជាដៃគូ យុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល សម្រាប់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ជាមួយគ្នានេះ YEAC ក៏មានវប្បធម៌ផ្លាស់ប្តូរថ្នាក់ដឹកនាំដ៏រឹងមាំ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីរៀងរាល់៣ឆ្នាំម្តង ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ៕










